ប្រវត្ដិប្រធានគណបក្ស

លោក ម៉ម សូណង់ដូ ជាស្ថាប​និក និង​ជា​ប្រធាន ស្ថានី​យ៍​វិទ្យុ​សំ​បុក​ឃ្មុំ សំ​ឡេង​ប្រ​ជា​ពល​រដ្ឋ ទ្រ​ទ្រង់​ព្រះ​ពុទ្ធ​សា​ស​នា (អេ​ហ្វ​អឹម ១០៥  មេ​ហ្គា​អែត) និង​ជា​ប្រ​ធា​ន​ស​មា​គម​អ្នក​ប្រ​ជា​ធិប​តេយ្យ



១. ជីវប្រវត្តិសង្ខេប របស់លោក ម៉ម សូណង់ដូ
លោក ម៉ម សូណង់ដូ ជា​កូ​ន​ខ្មែរ កើត​នៅ​ថ្ងៃ​ទី​១៣ ខែកុ​ម្ភៈ ឆ្នាំ​១៩៤២ នៅ​ស្រុក​កំ​ពង់​សៀម ខេត្ត​កំ​ពង់​ចាម ដែល​មាន​​ឪ​ពុក​ ឈ្មោះ ម៉ម សុទ្ធ (ជា​មេ​ធា​វី) ស្រុក​កំ​ណើត នៅ​កោះ​សូ​ទិន ខេត្ត​កំ​ពង់​ចាម និង​ម្ដាយ ឈ្មោះ អ៊ាម អ៊ូច ស្រុក​កំ​ណើត នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។

លោក ម៉ម សូណង់ដូ បាន​ចាក​ចេញ​ពី​ប្រ​ទេស​កម្ពុជា ទៅ​ប្រ​ទេស​បា​រាំង ក្នុង​ឆ្នាំ​១៩៦៤ គោល​បំ​ណង​ចង់​រៀន​សូ​ត្រ​ផ្នែក​ថត​រូប និង​ថត​ខ្សែ​ភាព​យន្ត។ នៅ​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១​៩៧០ លោក ម៉ម សូណង់ដូ បាន​ចូល​រៀន​នៅ​សា​លា​បច្ចេក​ទេស​ផ្នែក​ថ​ត​រូប និង​ថត​ខ្សែ​ភាព​យន្ត “វ៉ូ​ស៊ី​រ៉ា” បា​រីស ១៥ (Ecole Technique de la Photograghie et Cinematographie de VAUGIRARD Paris XV)​។ នៅ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៣ លោក ម៉ម សូណង់ដូ បាន​ទទួល​សញ្ញា​បត្រ បរិញ្ញា​បត្រ ផ្នែក​សង្គម​វិទ្យា និង​សញ្ញា​បត្រ ផ្នែក​ថត​រូប​ខ្សែ​ភាព​យន្ត និង​សោត​ទស្សន៍ នៅ​សា​កល​វិទ្យា​ល័យ ប៉ារីស ១៨ (Paris XVIII University)។

នៅ​​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៦៨ លោក ម៉ម សូណង់ដូ បាន​ធ្វើ​ជា​កម្ម​ករ​នៅ​រោង​ចក្រ​ថ្នាំ​លាប​ផ្ទះ (USINE de PEINTURE "VALENTINE") ប្រ​ទេស​បា​រាំង។ នៅ​​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ លោក ម៉ម សូណង់ដូ បា​ន​ធ្វើ​ជា​នា​យក នៅ​ក្រុម​ហ៊ុន S.E.D.E.M ផ្នែក​ខាង​បោះ​ពុម្ព​ផ្សាយ នៅ​បា​រីស ៦ (Society S.E.D.E.M., Edition diffusion, a publishing company Paris 6)​។ នៅ​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨ លោក ម៉ម សូណង់ដូ បាន​ធ្វើ​ជា​នា​យក​ផ្នែក​បោះ​ពុម្ព​ផ្សាយ នៅ​ក្រុម​ហ៊ុន Society O.P.E.N នៅ​បារីស ៩ (Commercial Society O.P.E.N. Paris 9)​។ នៅ​​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៩៤ លោក ម៉ម សូណង់ដូ បាន​ធ្វើ​ជា​នា​យក​ប្រតិ​បត្តិ នៅ​ក្លឹប និង​ភោ​ជនី​យ​ដ្ឋាន ក្រុម​ហ៊ុន​អប្សរា នៅ​បា​រីស ៤ (Club and Restaurant, Society APSARA company, Paris 4)។

ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ ដែល​លោក​បាន​ត​ស៊ូ​ក្នុង​ជី​វិត​នៅ​ប្រ​ទេស​បា​រាំង ទើប​នៅ​ឆ្នាំ​១៩៩៤ លោក ម៉ម សូ​ណង់​ដូ ក៏​បាន​ប្តេ​ជ្ញា​ចិត្ត​ត្រ​ឡប់​មក​រស់​នៅ​ប្រ​ទេស​កម្ពុជា​វិញ។ នៅ​​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៦ លោក ម៉ម សូណង់ដូ ជា​ស្ថាប​និក និ​ង​ជា​ប្រ​ធាន​ស្ថា​នីយ​វិទ្យុ​មួយ ឈ្មោះ​ថា វិទ្យុ​សំ​បុក​ឃ្មុំ សំ​ឡេង​ប្រ​ជា​ពល​រដ្ឋ​។ នៅ​​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០១ លោក ម៉ម សូណង់ដូ ជា​ប្រធាន គណបក្ស​សំ​បុក​ឃ្មុំ សង្គម​ប្រ​ជា​ធិប​តេយ្យ ប៉ុ​ន្តែ​គណ​បក្ស​នេះ ត្រូវ​រំ​លាយ​ចោល​វិញ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០១។ ក្នុង​​ឆ្នាំ​២០១០ លោក ម៉ម សូណង់ដូ បាន​បង្កើត​ជា​សមា​គម​មួយ ឈ្មោះ​ថា ស​មា​គម​អ្នក​ប្រ​ជា​ធិ​ប​តេយ្យ​។ បច្ចុ​ប្បន្ន លោក ម៉ម សូ​ណង់​ដូ ជា​ប្រ​ធាន​វិទ្យុ​សំ​បុក​ឃ្មុំ និង​ជា​ប្រ​ធាន សមា​គម​អ្នក​ប្រ​ជា​ធិប​តេយ្យ​។

២. សកម្មភាពសង្ខេប របស់លោក ម៉ម សូណង់ដូ

ក្នុង​ឆ្នាំ១៩៩៦ លោក ម៉ម សូណង់ដូ បាន​ចាប់​ផ្ដើម​បើក​ស្ថា​នីយ៍​វិទ្យុ ដែល​មាន​ឈ្មោះ​ថា វិទ្យុ​សំ​បុក​ឃ្មុំ​។



នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ លោក ម៉ម សូណង់ដូ បាន​ចាប់​​ផ្ដើម​ជា​លើក​ដំ​បូង​បង្កើត​កម្ម​វិ​ធី​មួយ ដែល​ហៅ​ថា « កម្ម​វិ​ធី ខ្មែរ​ជួយ​ខ្មែរ » សំ​រាប់​ជួយ​រក​ការ​ងារ​ជូន​ដល់ ប្រ​ជា​ពល​រដ្ឋ និង​ជួយ​សង្គ្រោះ ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ទុរ​គត ដាច់​បាយ ចាស់​ជ​រា ជន​ពិការ និង​អ្នក​មាន​ជំ​ងឺ រហូត​មក​​ដល់​សព្វ​ថ្ងៃ​នេះ។



នៅ​ថ្ងៃ​ទី​០៥ និង​ទី​០៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ មាន​រដ្ឋ​ប្រ​ហារ​រវាង​គណ​បក្ស​ប្រជាជន និង​គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច។ យោ​ធា​របស់​រដ្ឋា​ភិ​បាល​មួយ​ក្រុម​បាន​ចូលម​ក​បំ​ផ្លាញ និង​ប្លន់​យក​ឧប​ករណ៍​របស់​វិទ្យុ​សំ​បុក​ឃ្មុំ មួយ​ចំនួន ដែល​មាន​​តំ​លៃ​ប្រ​មាណ ៧០០០០ ដុល្លារ​អា​មេរិក (ប្រាំ​ពីរ​ម៉ឺន​ដុល្លារ​អា​មេ​រិក​)

នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ក្រ​សួង​ព័ត៌​មាន បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្សា​យ​របស់​វិទ្យុ​សំ​បុក​ឃ្មុំ ដែល​វិទ្យុ​សំ​បុក​ឃ្មុំ បា​ន​គាំ​ទ្រ​បា​តុ​កម្ម​ប្រ​ឆាំង​ទៅ​នឹង​ការ​​បោះ​ឆ្នោត​ពុំ​មាន​សេ​រី និង​យុត្តិ​ធម៌ ហើយ​ក្រ​សួង​ព័ត៌​មាន ក៏​បាន​ដក​ហូត​អា​ជ្ញា​ប័ណ្ណ​របស់​វិទ្យុ​សំ​បុ​ក​ឃ្មុំ ថែម​ទៀត​។

នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​១៩៩៩ ទើប​វិទ្យុ​សំ​បុក​ឃ្មុំ បាន​ចាប់​ផ្ដើ​ម​ផ្សាយ​ឡើង​វិញ ក្រោយ​ពី​បាន​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​​មួយ​រវា​ង​គណ​បក្ស​ប្រ​ជា​ជន និង​​គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច​។

នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​១៩៩៩ លោក ម៉ម សូណង់ដូ បាន​ទទួល​ផ្សា​យ​ផ្ទាល់ វិទ្យុ​សហ​រដ្ឋ​អា​មេ​រិក ចំនួន ២ គឺ វិទ្យុ​សំ​ឡេង​សហ​រដ្ឋ​អា​មេ​រិក (VOA) និង​ វិទ្យុ​អា​ស៊ី​សេ​រី (RFA)។

លោក ម៉ម សូណង់ដូ បាន​ធ្វើ​ធម្ម​យា​ត្រា​ថ្មើរជើងទៅបួស នៅវត្ត​​ប៉ាក់​ណាម ព្រំ​ដែន​ខ្មែរ​-​យួន ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ាក់​ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ដែលមា​​ន​ចំ​ងាយ​​ផ្លូវ ១០៥ គ.ម ពី​រាជ​ធា​នី​ភ្នំ​ពេញ ដើម្បី​ទាញ​យក​ការ​ចាប់​​អា​រម្មណ៍​ពី​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ឲ្យ​ក្រ​ឡេក​មើល​ភូមិ​ប៉ាក់​ណាម ដែល​ជា​ភូមិ​របស់​ខ្មែរ​សោះ ក៏​ប៉ុ​ន្តែ មាន​សុទ្ធ​តែ​ប្រ​ជា​ពល​រដ្ឋ​យួន រស់​នៅ​ទាំង​អស់​។



​ចាប់​ផ្ដើម​ចេញ​ដំ​ណើរ​ពី​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០០២ ទៅ​ដល់​វត្ត​ប៉ាក់​ណាម នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០២។ លោក ម៉ម សូណង់ដូ បាន​សាង​ព្រះ​ផ្នួស​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០២ នៅ​វត្ត​ប៉ាក់​ណាម ភូមិ​ប៉ាក់​ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​។ ព្រះ​ភិក្ខុ ឥន្ទ​មុ​តោ ម៉ម សូណង់ដូ បាន​ធ្វើ​ធម្ម​យា​ត្រា​ត្រ​ឡប់​ពី​វត្ត​ប៉ាក់​ណាម នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០០២ មក​ដល់​អា​ស្រម​របស់​លោក នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០០២ និង​លា​ចាក​ព្រះ​ផ្នួស នៅ​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០២​។



នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០០២ រដ្ឋា​ភិ​បាល​បាន​មក​គំ​រាម​វិទ្យុ​សំ​បុក​ឃ្មុំ ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ផ្ទាល់​វិទ្យុ VOA និង RFA ត​ទៅ​ទៀត​។

​រហូត​មក​ដល់​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០០៣ ដោយ​សារ​ការ​ត​ស៊ូ​ត​វ៉ា​ទៅ​រដ្ឋា​ភិ​បាល ទើប​វិទ្យុ​សហ​រដ្ឋ​អា​មេ​រិក​ទាំង ២ បាន​ផ្សា​យ​តាម​រលក​ធាតុ​អា​កាស​របស់​វិទ្យុ​សំ​បុក​ឃ្មុំ បន្ត​ទៀត​។​

នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០០៩ លោក ម៉ម សូណង់ដូ បាន​បួស​ជា​លើ​ក​ទី២ ហើយ​ក៏​បាន​ធ្វើ​ធម្ម​យាត្រា​ថ្មើរ​ជើង​ទៅ​វត្ត​ជប់​គគីរ ព្រំ​ដែន​ខ្មែរ-​សៀម ស្ថិត​នៅ​ភូមិ​ជប់​គគីរ ឃុំ​អំ​ពិល ស្រុក​បន្ទាយ​អំ​ពិល ខេត្ត​ឧ​ត្ដរ​មាន​ជ័យ ដែល​មាន​ចំ​ងាយ​ប្រ​មាណ ៦០០ គ.ម ពី​រាជ​ធា​នី​ភ្នំ​ពេញ។



គោល​ដៅ​របស់​លោក ម៉ម សូណង់ដូ គឺ​ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ ដោយ៖ កសាង​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាស​នា​ កសាង​សា​លា​រៀន ១ខ្នង មាន ៣បន្ទប់ ក​សាង​មន្ទីរ​ពេទ្យ​សំ​រាប់​ចែក​ថ្នាំ ក៏ប៉ុន្តែ ការ​ធ្វើ​ធម្ម​យា​ត្រា​នោះ ពុំ​បាន​ទៅ​ដល់​គោល​ដៅ​ទេ គឺ​នៅ​សល់​តែ ១៥ គ.ម ប៉ុ​ណ្ណោះ ក៏​ត្រូវ​អា​ជ្ញា​ធរ​ទប់​ស្កាត់​​ធម្ម​យា​ត្រាមិន​ឲ្យ​បន្ត​ទៅ​ទៀត ដោយ​រក​លេស​ផ្សេងៗ​។




៣. សមិទ្ធិផល លោក ម៉ម សូណង់ដូ បានកសាង

នៅ​ខែ​មេសា ឆ្នាំ​២០០០ លោក ម៉ម សូណង់ដូ បាន​​ក​សាង​សា​លា​រៀន ១ ខ្នង មាន ៧ បន្ទប់​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​នៅ​វត្ត​ដង​ទង់ ស្ថិត​នៅ​ភូមិ​ដង​ទង់ ឃុំ​ដំ​បូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត។



នៅ​ខែធ្នូ ឆ្នាំ​២០០៣ លោក ម៉ម សូណង់ដូ បាន​ក​សាង​ស្ពាន​មួយ ស្ថិត​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល តាម​សំ​ណូម​ពរ​របស់ ប្រ​ជា​ពល​រដ្ឋ ដោយ​សារ​តែ​ស្ពាន​នោះ មាន​ស​ភាព​ទ្រុឌ​ទ្រោម​បាក់​បែក ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កុមា​រា​កុ​មា​រី ក៏​ដូ​​ច​ជា​ប្រ​ជា​ពល​រដ្ឋ​ដទៃ​ទៀត ដែល​ធ្វើ​ដំ​ណើរ​នៅ​លើ​ស្ពា​ន​នោះ។​



លោក ម៉ម សូណង់ដូ បាន​ជួស​ជុល ហើយ​ក្រាល​ដែក រួច​រាល់​ជា​ស្ថា​ពរ មាន​ទទឹង ៦ ម៉ែត្រ កន្លះ និង​បណ្ដោយ ១១៥ ម៉ែត្រ​។



នៅ​ថ្ងៃ​ទី០៩ ខែ​កក្កដា ឆ្នាំ​២០០៤ លោក ម៉ម សូណង់ដូ បាន​សហ​ការ​ជា​មួយ​ព្រះ​តេជ​គុណ ម៉ក់ មី ដើម្បី​ក​សាង​ស្ពាន​សា​មគ្គី​មួយ ធ្វើ​អំ​ពី​ថ្ម នៅ​ភូមិ​ព្រែ​ក​តូច ខេត្ត​កណ្តាល ដែល​មាន​ប្រ​វែង ទទឹង ៤ ម៉ែត្រ កន្លះ និង​បណ្ដោយ ១៨ ម៉ែត្រ សំ​រាប់​ប្រ​ជា​ពល​រដ្ឋ​ងាយ​ស្រួល​ក្នុង​ធ្វើ​ដំ​ណើរ​។



ក្នុង​ឆ្នាំ​២០០៦ លោក ម៉ម សូណង់ដូ បាន​ក​សាង​អា​ស្រម និង​តម្កល់​ព្រះ​ពុទ្ធ​បដិ​មា ចំនួន ៣ កន្លែង សម្រាប់​ទុក​ជូន​ប្រ​ជា​ពល​រដ្ឋ​សមា​ទាន​សីល និង​ធ្វើ​បុណ្យ​ទាន ដែល​មាន​ទី​តាំង​៖
អាស្រម នៅភូមិអង្គជ្រៃវា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ
អាស្រម នៅឃុំក្រាំងយ៉ូវ ខេត្តកណ្ដាល
អាស្រម សាលាសាមគ្គីសន្សំបុណ្យខ្មែរពិភពលោក នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល



​នៅ​ខែ​កក្កដា ឆ្នាំ​២០០៧ លោក ម៉ម សូណង់ដូ បាន​ជួយ​ស្តារ​ស្រះ​ទឹក ទៅ​តាម​សំ​ណូម​ពរ​របស់​ប្រ​ជាព​ល​រ​ដ្ឋ ចំនួន ៦ ភូមិ ដែល​ខ្វះ​ខា​ត​ទឹក​បរិ​ភោគ និង​ប្រើ​ប្រាស់។ ស្រះ​ទឹក​នោះ មាន​ទំ​ហំ ទទឹង ១២៥ ម៉ែត្រ និង​បណ្ដោយ ១៩៥ ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ​តាំង​រលៀង ឃុំ​មេ​ព្រីង ស្រុក​បា​ធាយ ខេត្ត​កំ​ពង់​ចាម​។ លោក ម៉ម សូ​ណង់​ដូ ក៏​ទើប​តែ​បញ្ចប់​រួច​រាល់ ធ្វើ​រប​ងព័ទ្ធ​ជុំ​វិ​ញ​ស្រះ​នោះ ផង​ដែរ ដើម្បី​ទ​ប់​ស្កាត់​សត្វ​ពា​ហ​នៈចូល​មក​លុក​លុយ​ក្នុង​ស្រះ​នោះ​។



នៅ​ខែ​មករា ឆ្នាំ​២០១៣ លោក ម៉ម សូណង់ដូ ក៏​បាន​ធ្វើ​កា​រ​អំ​ពាវ​នាវ​ដល់​បង​ប្អូន​ខ្មែរ នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​នៅ​ក្រៅ​ស្រុក សូម​ឲ្យ​ជួយ​ចូល​រួម​ក​សាង​សា​លា​រៀន ១​ខ្នង មាន ៣​បន្ទប់ ធ្វើ​អំ​ពី​ថ្ម ប្រក់​ក្បឿង ដែល​មាន​ឈ្មោះ​ថាៈ " សា​លាម​ឋម​សិក្សា សា​មគ្គី​ខ្មែរ​ពិភ​ពលោក " សំ​រាប់​កុ​មា​រា​កុ​មា​រី ប្រ​មាណ​ជាង ៣០០ នាក់ ស្ថិត​នៅ​ភូមិ​អូរ​ស្វាយ​លិច ឃុំ​ព្រែក​កុយ ស្រុក​កង​មាស ខេត្ត​កំពង់​ចាម​។​



៤. អំ​ណោយ​សប្បុ​រស​ធម៌ ពី​ឆ្នាំ ១៩៩៦​-​២០១៣​

ពេល​ដែល​លោក ម៉ម សូណង់ដូ បាន​ចាប់​ផ្ដើម​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​វិទ្យុ​សំ​បុក​ឃ្មុំ នៅ​ក្នុង​ឆ្នាំ ១៩៩៦ នៅ​ពេល​នោះ​ក៏​បាន​ចាប់​ផ្ដើម​ជួយ​សង្គ្រោះ​ដល់ អ្នក​ក្រី​ក្រ​ទុរ​គត​ដាច់​បាយ ជន​ពិ​ការ លោក​យាយ លោក​តា ចាស់​ជ​រា​គ្មាន​ទី​ពឹង និង​អ្នក​មាន​ជម្ងឺ​មួយ​ចំ​នួន​ផង​ដែរ​។ ជា​ពិ​សេស នៅ​ក្នុង​ឆ្នាំ ២០០០ ដែល​មាន គ្រោះ​ធម្ម​ជាតិ​ទឹក​ជំ​នន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា លោក ម៉ម សូណង់ដូ បាន​ដឹក​ជញ្ជូន​ស្បៀង មាន​ដូច​ជា អង្ករ ត្រី​ងៀត ត្រី​ឆ្អើ ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ ប្រ​ហុក មី​កញ្ចប់ ។​ល​។



​ចំនួន​រាប់​តោន តាម​ផ្លូវ​ទឹក​ដើម្បី​ជួយ​សង្គ្រោះ​ប្រ​ជា​ពល​រដ្ឋ ដែល​គ្មាន​ទី​លំ​នៅ គ្មានចំ​​ណី​អា​ហារ​បរិ​ភោគ ជា​ពិ​សេស​គ្មាន​មុង និង សំ​លៀក​បំ​ពាក់​ជា​ដើម​។​

​​

លោក ម៉ម សូណង់ដូ បាន​ជីក​អណ្ដូង​ស្នប់ និង​អណ្ដូង​ជីក​ដាក់​លូ​មួយ​ចំនួន ជូន​ទៅ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​បញ្ហា​ពី​រឿង​ទឹក​ប្រើ​ប្រាស់ ដូច​ជា​នៅ​​ខេត្ត​កណ្ដាល ខេត្ត​កំ​ពង់​ស្ពឺ ខេត្ត​តា​កែវ ខេត្ត​កំ​ពត ខេត្ត​ស្វាយ​រៀង ខេត្ត​កំ​ពង់​ចាម និង​ខេត្ត​កំ​ពង់​ឆ្នាំង​...។ ហើយ​ក៏​លោក ម៉ម សូណង់ដូ បាន​ទិញ​ពាង ម៉ា​ស៊ីន​ភ្លើង និង​ម៉ា​ស៊ីន​បូម​ទឹក​មួយ​ចំនួន ជូន​ទៅ​ដល់​ប្រ​ជា​ពល​រដ្ឋ​ផង​ដែរ​។

​​

នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ អំ​ឡុង​ពេល​មាន​ជំ​លោះ​នៅ​តាម​បន្ទាត់​ព្រំ​ដែន​​ខ្មែរ​-​សៀ​ម រហូត​មានការ​ផ្ទុះ​អា​វុធ បណ្តាល​ឲ្យ​យោ​​ធា​ខ្មែរ​មួយ​ចំ​នួន​ស្លាប់ និង​រង​របួស​នោះ​។ លោក ម៉ម សូណង់ដូ បាន​ដឹក​អំ​ណោយ​សប្បុរ​សធ​ម៌ មាន​ជា អង្ករ ចំ​ណី​អាហារ គ្រឿង​ឧប​ភោគ​ប​រិ​ភោគ​ជា​ដើម ទៅ​ផ្តល់​ជូន​យោ​ធា​ដែល​ឈរ​ជើង​នៅ​ខ្សែ​ត្រៀម​ប្រ​យុទ្ធ​ជួរ​មុខ នៅ​តំ​បន់​ប្រា​សាទ​ព្រះ​វិហារ ចំនួន ៣ លើក​៖​
- នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨
- នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨
- នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៩

​​

នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ លោក ម៉ម សូណង់ដូ បាន​ដឹក​ស្បៀង​ទៅ​ជូន​យោ​ធា​ដែល​ឈរ​ជើង​នៅ​តំ​បន់​ប្រា​សាទ​តា​មា​ន់ និង​ប្រា​សាទ​តា​ក្រ​បី​។

លោក ម៉ម សូណង់ដូ បាន​ដឹក​ស្បៀង​ទៅ​ជូន​យោធា ប៉ូ​លីស ព្រះ​សង្ឃ និង​ចែក​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ នៅ​តំប​ន់​ជប់​គគីរ ហៅ​ថា តំ​បន់​ចៃ​ឆ្កែ ចំនួន ៣ លើក​៖
- នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨
- នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨
- នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩

​​

​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ លោក ម៉ម សូណង់ដូ បាន​យក​អំ​ណោយ​ជា​ថវិកា​ទៅ​ជូន​គ្រួ​សារ​យោ​ធា ដែល​ស្លាប់​ក្នុង​សម​រ​ភូមិ​វាល​ឥន្ត្រី ចំនួន ៣ រូប ក្នុង​មួយ​គ្រួ​សារ ទទួល​បាន ៥០០ ដុល្លារ​អា​មេ​រិក​។ លោក ម៉ម សូណង់ដូ បាន​ផ្តល់​ទឹក​ប្រាក់​ដល់​យោ​ធា ដែល​រង​របួស​ក្នុង​សម​រ​ភូមិ ២ រូប​ទៀត ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា ២៥០ ដុល្លារ​អា​មេ​រិក​។

​​

នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១១ លោក ម៉ម សូណង់ដូ បាន​ដឹក​អំ​ណោយ​សប្បុរ​សធ​ម៌​ពីបង​ប្អូ​នខ្មែរ នៅ​ប្រ​ទេស​កា​ណា​ដា មាន អង្ករ ត្រី​ងៀត ត្រី​ឆ្អើ ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ ប្រហុក មី​កញ្ចប់ ។​ល​។ សរុប​ចំនួន ៩ តោន ទៅ​ចែក​ជូន​យោ​ធា នៅ​ខ្សែ​ត្រៀម​ប្រ​យុទ្ធ​ជួរ​មុខ ការ​ពារ​តំ​ប​ន់​ប្រា​សាទ​តា​មាន់ និង​ប្រា​សាទ​តា​ក្រ​បី​។

​​

នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​សារ​តែ​មាន​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំ​នន់ នៅ​ក្នុ​ង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា លោក ម៉ម សូណង់ដូ បាន​ដឹក​ជញ្ជូន​ស្បៀង មាន​៖ អង្ករ ត្រី​ងៀត ត្រី​ឆ្អើ ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ ប្រ​ហុក មីក​ញ្ចប់ ។​ល​។ ចំនួន​រាប់​តោន តាម​ផ្លូវ​គោក និង​ផ្លូវ​ទឹក ដើម្បី​ជួយ​សង្គ្រោះ​ប្រ​ជា​ពល​រដ្ឋ​ខ្វះ​ចំ​ណី​អា​ហារ​បរិ​ភោគ ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​មួយ​ចំនួន មាន​ដូច​ជា​៖

ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជាពល​រដ្ឋ ចំនួន ២៩០ គ្រួ​សារ ក្នុង​វត្ត​សុវ​ណ្ណ​រង្សី មក​ពី​ភូមិកង​មាស​ក្រៅ និង​ភូមិ​កង​មាស ស្ថិត​ក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលា​ប្អៀរ ខេត្ត​កំ​ពង់​ឆ្នាំង មាន​ចំ​ងាយ​ពី​ភំ្ន​ពេញ ៩០ Km ។

ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជា​ពល​រដ្ឋ ចំនួន ៤០០ គ្រួ​សារ ស្ថិត​នៅ​ភូមិ​ប៉ាក់​ព្រី ឃុំបឹ​ង​ដោល​ ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃ​វែង មាន​ចំ​ងាយ​ពី​ភំ្នពេញ ៦៥Km​។

ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រជា​ពល​រដ្ឋ ចំនួន ៤ ភូមិ ដែល​មាន​ចំនួន ១៥០ គ្រួសារ ស្ថិត​នៅ​ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គ​រ​បូរី ខេត្ត​តា​កែវ មាន​ចំ​ងាយ​ពី​ភំ្នពេញ ៦០Km ។

ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជា​ពល​រដ្ឋ ចំនួន ១០ ភូមិ ដែល​មាន​ចំនួន ៦០០ គ្រួសារ ស្ថិត​នៅ​ឃុំ​ល្វេ ស្រុក​កោះ​សូ​ទិន ខេត្ត​កំ​ព​ង់​ចាម មាន​​ចំ​ងាយ​ពី​ភំ្ន​ពេញ ១៥០Km ។

ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជា​ពល​រដ្ឋ ចំនួន ៤៤០ គ្រួ​សារ ស្ថិត​នៅ​ភូមិ​មេសរ​ប្រ​ចាន់ ឃុំ​មេ​សរ​ប្រ​ចាន់ ស្រុក​ពា​រាំង ខេត្ត​ព្រៃ​វែង​។​

ថ្ងៃ​ទី​២៦ ខែ​តុ​លា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជា​ពល​រដ្ឋ ចំនួន ២ កន្លែង ដែល​មាន​ចំងាយ​ពី​ភំ្ន​ពេញ ៤០Km ៖

​​

ពេល​ព្រឹក ចែក ចំនួន ៤ ភូមិ ដែល​មាន​ចំនួន ២៥៥ គ្រួ​សារ មក​ពី​ភូមិ​ទង​ត្រ​ឡាច ភូមិ​ខ្ទឹង ភូមិ​ជន្លាត​ដៃ ភូមិ​បឹង​ទីង ស្ថិត​កក្នុង​ឃុំទ​ង​ត្រ​ឡាច ស្រុក​ស្រី​សន្ធរ ខេត្ត​កំ​ពង់​ចាម​។- ពេលរសៀល ចែកចំនួន ៤ ភូមិ ទៀត គឺ៖
- មកពីភូមិប្រាំយ៉ាម ចំនួន ៨៥ គ្រួសារ
- មកពីភូមិជើងដឹក ចំនួន ៨៣ គ្រួសារ
- មកពី ភូមិជីប្រ៉ាយ ចំនួន ៤២ គ្រួសារ
- មកពីភូមិដីថ្ក ចំនួន ៤៤ គ្រួសារ

​​

ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ចែក​ស្បៀង​ជូន​ប្រ​ជា​ពល​រដ្ឋ ចំនួន ៤៣៦ គ្រួ​សារ ស្ថិត​ក្នុង​ឃុំ​ល្វេ ស្រុក​ស៊ីធ​រ​កណ្តាល ខេត្ត​ព្រៃ​វែង​។

​​


៥. «យើង​ត្រូវ​ហ៊ាន​លះ​បង់​ខ្ពស់ ដើម្បី​ទាម​ទារ​សិទ្ធិ និង​សេ​រី​ភាព ពី​អ្នក​មាន​អំ​ណាច​ផ្ដាច់​ការ​... ប្រ​សាស​ន៍​លោក ម៉ម សូណង់ដូ»

លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋា​ភិ​បាល​ចាប់​ឃាត់​ខ្លួន ដាក់​ពន្ធ​នា​គារ​ព្រៃ​សរ ចំនួន ១១ ថ្ងៃ ចាប់​ពី​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០០៣ ដល់​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ដែល​មាន​ភ័ព្វ​វាស​នា ដោយ​​ព្រះ​​ម​​ហា​​វី​រ​ក្ស​ត្រ នរោ​ត្តម សី​ហនុ បាន​​លើក​​លែង​​ទោស​​ពី​​បទ​​ចោ​ទ​​ប្រ​​កាន់​​ថា បាន​​ធ្វើ​​ការ​​ញ៉ុះ​ញ៉ុង​ឲ្យ​មាន​បា​តុ​កម្ម​ប្រ​ឆាំង​ស្ថាន​ទូត​សៀម​។

​​

លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋា​ភិ​បាល​ចាប់​ឃុំ​ខ្លួន នៅ​ពន្ធ​នា​គារ​ព្រៃ​សរ ចំនួន ៩៩ ថ្ងៃ ចាប់​ពី​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៥ រហូត​ដល់​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០០៦ ពី​បទ​ផ្សា​យព័​ត៌​មាន​មិន​ពិត​អំ​ពី​អ្វី​ដែល​លោក ម៉ម សូណង់ដូ បាន​ធ្វើ​បទ​សំ​ភាស​ន៍​ជា​មួយ​នឹង​លោក ស៊ាន ប៉េង​សែ ប្រ​ធាន​គណៈ​កម្មា​ការ​ព្រំ​ដែន​ខ្មែរ នៅ​ប្រ​ទេស​បា​រាំង អំ​ពី​សិទ្ធិ​សញ្ញា​បំ​ពេញ​បន្ថែម ឆ្នាំ​១៩៨៥ ដែល​សម្ដេច ហ៊ុន សែន បាន​ចុះ​សិទ្ធិ​សញ្ញា​ជា​មួយ​យួន​។

​​

​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ លោក ម៉ម សូណង់ដូ ត្រូវ​រដ្ឋា​ភិ​បាល​ប្ដឹង​ឲ្យ​ជាប់​ពន្ធ​នា​គារ ចំនួន ២០ ឆ្នាំ ពី​បទ​អប្ប​គមន៍ និង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ក៏​ប៉ុន្តែ លោក ម៉ម សូណង់ដូ ត្រូវ​បាន​សវ​នា​ការ​សា​លា​ឧទ្ធរណ៍ ថ្ងៃ​ទី​០៥-០៦ ខែ​មីនា ឆ្នាំ​២០១៣ បាន​ទំ​លាក់​ទម្ង​ន់​ទោស​មក​ត្រឹម ៥ ឆ្នាំ វិញ ហើយ​បាន​ប្ដូរ​ការ​ចោទ​ប្រ​កាន់​ពី​បទ​អប្ប​គមន៍ មក​បទ​កាប់​ព្រៃ​ឈើ​វិញ​។

​​

​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ទៅ​ទទួល​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធ​នា​គារ​វិញ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ម៉ម សូណង់ដូ បាន​ជាប់​ពន្ធ​នា​គារ ជា​លើក​ទី​៣ ចាប់​ពី​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ សរុប​ចំនួន ៨ ខែ នៅ​សល់​ប៉ុន្មាន ត្រួវ​បាន​ព្យួរ​ទោស​។

​​