យោធារខ្ចីដីពីប្រជាពលរដ្ឋក្លាយជាទំទាស់ដ៏រ៉ាំរ៉ៃ

នៅព្រឹកថ្ងៃសុក្រ ១១ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក​ ពុទ្ធសករាជ ២៥៦២​ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ៤រូប តំណាងឲ្យប្រជាពលរដ្ឋ​​មានទំនាស់ដីធ្លីចំនួន៣៥គ្រួសារ បានដាក់ពាក្យបណ្តឹងចូលមក ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីដែលមានទំនាស់ជាមួយវរសេនាតូចលេខ៩១​ កងទ័ពជើងគោកការពារអាកាស ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋទាំង៤រូប​ ដែលតំណាងឲ្យប្រជាពលរដ្ឋ​ទំនាស់ដីធ្លីចំនួន​៣៥គ្រួសា​​រ​ បានលើកឡើងថា៖​​ ដីទំនាស់ខាងលើនេះពីតំបូងឡើយជាប្រភេទដីភូមិ ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលចែកជាបួនក្រុម។ ក្រោយមកក្នុងឆ្នាំ១៩៨៧ កងទ័ព១៨៥ បានមកសុំខ្ចីដីជាបណ្តោះអាសន្ន ដើម្បីដាក់ទ័ព ដោយសន្យាថាចប់សង្រា្គមពេលណា នឹងប្រគល់ដីជូនប្រជាពលរដ្ឋវិញ តែនៅពេលដែលចប់សង្គ្រាមកងទ័ព១៨៥​ មិនបានប្រគល់ដីជូនប្រជាពលរដ្ឋតាមសន្យានោះទេ តែផ្ទុយមកវិញដីដែលបានខ្ចីពីប្រជាពលរដ្ឋនោះ ត្រូវបានកងទ័ពពុះជាឡូតិ៍ចែកគ្នាមួយផ្នែក និងមួយផ្នែកទៀតលក់ទៅឲ្យប្រជាពលរដ្ឋដែលមកពីក្រៅ។ ក្រោយពីមានការពុះដីចែកគ្នា និងលក់ទៅឲ្យប្រជាពលរដ្ឋមកពីក្រៅជាបន្តបន្ទាប់ ទើបប្រជាពលរដ្ឋរងគ្រោះបានចេញតវ៉ាទាមទារយកដីរបស់ពួកគាត់មកវិញនៅក្នុងឆ្នាំ២០០០។ ក្រោយពីមានការតវ៉ាជាច្រើនលើក ច្រើនសារ ទើបរាជរដ្ឋាភិបាល​​ ឯកភាពជាគោលការណ៍តាមលិខិត​ លេខ៦៥០ស.ជ.ណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ១១៥/២០០៥ ស.ជ.ណ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៥ របស់ក្រសួងការពារជាតិ ដោយបានសម្រេចប្រគល់ដីបន្ទាយវរសេនាតូចលេខ៩១ ដែលជាទីតាំងវិវាទជូនប្រជាពលរដ្ឋចំនួន៣៥គ្រួសារវិញ ក្នុងមួយគ្រួសារទទួលបានដីទំហំ២៥A (ម្ភៃប្រាំអាក្នុងមួយគ្រួសារ)។ ដោយសាទំនាស់មិនត្រូវបានចប់ ទើបប្រជាពលរដ្ឋរងគ្រោះបានស្នើសុំទៅក្រសួងការពារជាតិ​​សុំអនុវត្តលិខិត​ លេខ៦៥០ស.ជ.ណចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព និងដើម្បីបញ្ចប់ទំនាស់ផ្សេងៗរវាងប្រជាពលរដ្ឋ និងអង្គភាពកន្លងមកនោះ ក្រសួងការពារជាតិបានស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំកាត់ផ្ទៃដីបន្ទាយវរសេនាតូចលេខ៩១​ ការពារអាកាសកងទ័ពជើងគោក ដែលមានទីតាំងនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីផ្តល់ជូនគ្រួសារយោធិន និងប្រជាពលរដ្ឋឲ្យទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ដូចខាងក្រោម ៖ ១/- ស្នើសុំកាត់ផ្ទៃដីទំហំ ៣៤៣៧៣ម៉ែត្រការ៉េ ជូនគ្រួសារកង និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងកំពុងកាន់កាប់។ ២/- ស្នើសុំកាត់ផ្ទៃដីទំហំ ៤៣៧៥០ម៉ែត្រការ៉េ ជូនតំណាងប្រជាពលរដ្ឋចំនួន៣៥គ្រួសារ (ស្របតាមលិខិតលេខ៦៥០ស.ជ.ណចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ៣/- ស្នើសុំរក្សាផ្ទៃដីនៅសល់ទំហំ ១៤២៦៣ម៉ែត្រការ៉េ សម្រាប់បន្ទាយវរសេនាតូចលេខ៩១ការពារអាកាសកងទ័ពជើងគោក។ សំណើខាងលើក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានចំណារយល់ព្រមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ រួចហើយដែរ។ ប៉ុន្តែជាក់ស្តែងមកដល់បច្ចុប្បន្នប្រជាពលរដ្ឋរងគ្រោះ ពុំទាន់មានដំណោះស្រាយតាមចំណរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នៅឡើយទេ៕

Video


Gallery