ឯកឧត្តម ម៉ម សូណង់ដូ បានលើកយកបញ្ហារបស់ប្រជាពលរដ្ឋជម្រាបជូនសម្តេចតេជោ ហ៊ុ​ន សែន

ឯកឧត្តម ម៉ម សូណង់ដូ បានលើកយកបញ្ហារបស់ប្រជាពលរដ្ឋជម្រាបជូនសម្តេចតេជោ ហ៊ុ​ន សែន.........................................................................................ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នំាច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសជាលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត ដែលប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) រាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនៅនេះ បានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួន តាមរយៈការទទួលបានពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលត្រូវដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់មកនឹងមានការចូលរួមផ្តល់យោបល់ និងសំណូមពរដោយតំណាងគណបក្សនីមួយៗ។ឧត្តមក្រុមប្រឹក្សានេះ មានតួនាទីលើកយកនូវបញ្ហា និងផ្តល់ជាមតិយោបល់ផ្សេងៗទៅរដ្ឋាភិបាល ហើយនៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវជួបជជែកគ្នា មុននឹងលើកសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សនានានោះ នៅរៀងរាល់៦ខែម្ដង។នៅក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ក្រៅពីកិច្ចស្វាគមន៍ដល់អង្គប្រជុំ ដែលមានទិដ្ឋភាពការងារជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ដោយមានការតភ្ជាប់ Video Conference ទៅកាន់ខេត្តក្រុង និងស្ថាប័នរដ្ឋដទៃទៀត សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវព័ត៌មាន នៃស្ថានភាពនយោបាយសាកល ក៏ដូចជាស្ថានភាពនយោបាយជាក់ស្ដែងរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេច ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ក៏ដូចជាអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន។ ប្រធានគណបក្សទាំង១៦ បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់នូវបញ្ហានីមួយៗ និងភាគីពាក់ព័ន្ធ (ឈ្មោះមន្រ្តី) និងសំណូមពរក្នុងលក្ខណៈសហការ និងរួមដោះស្រាយបញ្ហាទាំងនោះ។បន្ទាប់ពីសុន្ទរកថាបើកកម្មវិធីប្រជុំដោយសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន រួចមក សម្តេចតេជោ ក៏បានអនុញ្ញាតឲ្យប្រធាន ឬអនុប្រធានប្រតិភូទំាង១៦គណបក្ស ដែលបានចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកឡើងអំពីរបាយការណ៍សកម្មភាពការងាររយៈពេល៦ខែកន្លងទៅ។ ហើយបញ្ហាសំខាន់ៗ ដែលប្រតិភូគណបក្សនីមួយៗ បានលើកឡើងនោះមាន បញ្ហាទំនាស់ដីធ្លី បញ្ហាបទល្មើសនេសាទ បញ្ហាខ្វះទីផ្សារសម្រាប់លក់ផលិតផលកសិកម្ម ជាដើម។ ប៉ុន្តែបញ្ហាដីធ្លីត្រូវបានគណបក្សនយោបាយទំាងអស់លើកឡើងច្រើនជាងគេ ដែលបញ្ហាដីធ្លីនោះកើតមានច្រើននៅខេត្តដែលកំពុងមានការអភិវឌ្ឍ ដូចជានៅ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ខេត្តកំពត។នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានលើកឡើងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ឯកឧត្តមក៏បានដឹកនាំក្រុមការងារប្រតិភូចុះសិក្សាស្រាវជ្រាវ ឃើញថា មានភាពមិនប្រក្រតី និងភាពអសកម្មទាក់ទងទៅនឹងបទល្មើសនេសាទ និងបញ្ហាដីធ្លី ជាច្រើនដូចជា៖១/ បញ្ហាបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម២/ បញ្ហាបទល្មើសនេសាទ នៅស្រុកស្អាង ខេត្តកណ្តាល៣/ ទំនាស់ដីធ្លីនៅសហគមន៍ព្រៃឈើភ្នំត្នោត ឋិតក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត៤/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងយោធិនពិការ ជាមួយនឹងលោក ទូច សឿលី អតីតប្រធានសមាគមសង្គ្រោះជនពិការកម្ពុជា និងលោក ហេង វណ្ណៈ បច្ចុប្បន្ន ប្រធានសមាគមជួយជនពិការកម្ពុជា៥/ ទំនាស់ដីសមាហរណកម្មរបស់ប្រជាពលរដ្ឋអតីតបងប្អូនខ្មែរក្រហម ជាមួយនឹងអាជ្ញាធរ នៅភូមិពាមកាយ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង៦/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ជាមួយនឹងក្រុមហ៊ុន ញូញៀ៧/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាមួយលោកស្រី ហ្វា ស៊ីណា៨/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន៣៥គ្រួសារ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយនឹងវរសេនាតូច៩១ការពារអាកាស៩/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ នៅភូមិរុន ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាមួយលោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ១០/ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន៣៤គ្រួសារ ឋិតនៅភូមិតិក្ខបញ្ញោ និងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយអង្គភាពរាជាយស្ម័យយានកម្ពុជា។បន្ទាប់ពីបានរាយការណ៍អំពីរបាយការណ៍ការងារខាងលើរួច ឯកឧត្តម ម៉ម សូណង់ដូ បានសំណូមពរទៅ សម្តេចតេជោ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ។ ហើយសម្តេចតេជោ ក៏បានស្វាគមន៍នូវសំណូមនោះ ព្រមទាំងបានដាក់បទបញ្ជារភ្លាមៗ ទៅតាមបណ្តារខេត្តនីមួយៗ ដែលមានបញ្ហាដូចខាងលើ ជាពិសេសអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឲ្យដោះស្រាយករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងយោធិនពិការ ជាមួយនឹងលោក ទូច សឿលី អតីតប្រធានសមាគមសង្គ្រោះជនពិការកម្ពុជា និងលោក ហេង វណ្ណៈ បច្ចុប្បន្ន ប្រធានសមាគមជួយជនពិការកម្ពុជា ឲ្យបានចប់កុំទុកបញ្ហានេះតទៅទៀត។សម្តេចតេជោ បានបន្តបញ្ជារទៅគ្រប់បណ្តាខេត្តទាំងអស់ដែលមានបញ្ហា ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានលឿន កុំចាំតែមានការបញ្ជាពីនាយករដ្ឋមន្រ្តីបានអនុវត្ត។ក្រៅពីទំនាស់ដីធ្លីព័ត៌មានពាក់ព័ន្ធបទល្មើសជលផល និងបទល្មើសព្រៃឈើ ផងដែរ ដែលទាំងអស់នេះក៏មានការពាក់ព័ន្ធទៅនឹងការលើកឡើងពីភាពមិនប្រក្រតីអំពើពុករលួយជាប្រព័ន្ធដែលបង្កឡើងជាបុគ្គលក៏ដូចជារឿងមិនរគោរពអនុវត្តលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្តផ្ដល់សេវាដល់ប្រជាពលរដ្ឋ និងបញ្ហាអសកម្មផ្សេងៗមួយចំនួនទៀតដែលកើតចេញពីបុគ្គលដែលជាអាជ្ញាធរ។នៅក្នុងកិច្ចប្រជុំប្រចាំឆមាសជាលើកដំបូងត្រូវបានចំណាយពេលប្រមាណជាង៦ម៉ោងនោះ បញ្ហាជាច្រើនដែលលើកឡើងដោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយបញ្ហាទាំងអស់នោះត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីទទួលយក និងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត៕

Video


Gallery