រូបភាពនេះគេអាចប្រៀបបានទៅនឹងសំណល់នៃសមរភូមិប្រយុទ្ធមួយ

នៅថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ ព្រមទាំងសហសេវឹក បានអញ្ជើញចុះបេសកកម្មនៅខេត្តកោះកុង នៅចំណុចភូមិសាស្ត្រភូមិកូនកុកចាស់ ឋិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ជាកន្លែងប្រជាពលរដ្ឋរងគ្រោះដីធ្លី (ដីសមាហរណកម្ម) គោលនយោបាយជាយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ឆ្នាំ១៩៩៦ ។ក្រុមប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានធ្វើដំណើរចុះទៅដល់មូលដ្ឋាន ហើយបានឃើញជាក់ស្តែងនូវលទ្ធផលនៃការប្រព្រឹត្តរបស់អាជ្ញាធរខេត្តកោះកុង ផ្ទះចំនួន០៩ខ្នងត្រូវបានរុះរើ និងគាស់សរសររួចដឹកឈើចេញទៅបាត់អស់ កាប់កាត់ដើមឈើដំណាំដែលកំពុងប្រមូលផលរួចដុតចោល ដីចំការត្រូវបានឈូសឆាយបំផ្លាញ គ្រួសារទាំងនោះបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន លុយកាក់ សត្វចិញ្ចឹមអស់រលីង ។ក្រោយពីរុះរើផ្ទះសម្បែង និងឈូសឆាយដីរួចមក មានការដាក់កងកម្លាំងប្រដាប់អាវុធការពារទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋរងគ្រោះចូលទៅក្នុងទីកន្លែងនោះ សូម្បីតែទៅយកឥវ៉ែឥវ៉ាន់បន្តិចបន្តួចដូចជាចានក្បានម៉ុងកន្ទេលក៏មិនបានដែរ ។ ទិដ្ឋភាពដែលគេបានឃើញមកបង្ហាញនូវភាពកាចសហាវ មិនមានការសន្តោសប្រណីបន្តិចបន្តួចឡើយ គេអាចប្រៀបបានទៅនឹងសំណល់នៃសមរភូមិប្រយុទ្ធមួយ ។ រូបភាពនៃសោកនាថកម្មរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដែលយំស្រែកសោកស្តាយទ្រព្យសម្បត្តិរបស់ពួកខ្លួនដែលត្រូវបានបំផ្លិចបំផ្លាញ កូនក្មេងដែលមិនមានជម្រក មិនមានលទ្ធភាពទៅសាលារៀន សក្ខីភាពទាំងអស់នេះ តម្រូវឲ្យមានចម្លើយដោះស្រាយឲ្យបានឆាប់រហ័សជាទីបំផុត មុននឹងមានដំណោះស្រាយសមស្រប ។ការចុះបេសកកម្មរបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តកោះកុង មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែឧសភា ឆ្នាំ២០១៩ ៕

Video


Gallery