កិច្ចប្រជុំរវាងប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹងប្រតិភូក្រសួងដែនដី នគររូនីយកម្ម និងសំណង់

នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ ​លោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ និងឯកឧត្តម ជឹម សាវ៉ុង មន្ត្រីលេខាធិការដ្ឋានតំណាងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួុមកិច្ចប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដឹកនាំដោយឯកឧត្តម គង់ មុនីកា ប្រធានប្តូរវេនប្រចាំខែសីហា ជាមួយនឹងប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពី "សំណង់" និងដើម្បីពិនិត្យ, ផ្តល់, ប្រមូលធាតុចូល និងទទួលយកអនុសាសន៍ ក៍ដូចជា ទស្សនតាមបែបពហុគំនិតរិះគន់ក្នុងន័យស្ថាបនា មុននឹងដាក់ចូលទៅប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដើម្បីអនុម័តនាពេលខាងមុខ។ថ្លែងនៅក្នុងប្រជុំពិគ្រោះពិភាក្សា ឯកឧត្តម ជា សុផារ៉ា រដ្ខមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា សេចក្តីព្រាងច្បាប់ស្តីពី "សំណង់" នេះមាន ២២ ជំពូក និង ១១៣មាត្រា។ ច្បាប់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា រួមនិងគោលបំណងសំខាន់ៗ៤ ៖១- គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន,២- សោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ,៣- គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់៤- ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជម្រុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងហេតុយ៉ាងដូច្នេះថា ការបង្កើតឱ្យមានច្បាប់ស្តីពី "សំណង់" នេះឡើង ក៏ដោយសារតែមើលឃើញថា បច្ចុប្បន្នភាពជាក់ស្តែងក្នុងសង្គមកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យមិនចេះថមថយនោះឡើយ ជាពិសេស វិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅ តែបន្តឈានឡើងជាលំដាប់ ដូចជាអគារស្នាក់នៅ, ផ្សារទំនើប, មជ្ឈមណ្ឌលពាណិជ្ជកម្ម, អគារការិយាល័យ, សណ្ឋាគារ, សំណង់ទីក្រុងរណប, បុរី, ភូមិគ្រឹះ, ធនាគារ, រោងចក្រ និងគ្រឹះស្ថានសិក្សា... ។ល។ជាមួយគ្នានឹងសន្ទុះនៃល្បឿនរបស់វិស័យសំណង់ គឺទាមទារឱ្យមានភាពចាំបាច់នូវការគ្រប់គ្រង និងដំណើរការប្រតិបត្តិការក្នុងវិស័យសំណង់ បានសេចក្តីថា សំណង់កាន់តែច្រើន កាន់ តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគ្រស្មាញ កាន់តែតម្រូវឱ្យមាន ការអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត ស្តង់ដារ បច្ចេកវិទ្យា និងបទដ្ឋានបច្ចេកទេស ដើម្បីធានានូវគុណភាព ភាពរឹងមាំ សោភណភាព និងចីរភាពសំណង់។ក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ស្តីពី "សំណង់" នេះ មានគោលបំណង និងសារប្រយោជន៍ ក្នុងការពង្រឹង និងពង្រីកវិសាលភាពគ្រប់គ្រងដល់គ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។មិនតែប៉ុណ្ណោះទៀតសោត ការបង្កើតឱ្យមានសេចក្តីព្រាង ច្បាប់ស្តីពី "សំណង់" ក៏ដើម្បីចូលរួមពង្រឹងការគ្រប់ គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ក៏ដូចជាការបង្កើនការជឿទុកចិត្តពីសំណាក់វិនិយោគិននៅក្នុងវិស័យសំណង់ ហើយ និងការជម្រុញទីផ្សារអចលនទ្រព្យប្រកប ដោយប្រសិទ្ធភាព ដើម្បីសេដ្ឋកិច្ចជាតិកម្ពុជា៕

Video


Gallery