ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងវវសេនាតូចកងទ័ពជើងគោកការពារអាកាសលេខ៩១ បន្តដាកឯកសារបន្ថែម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ៤នាក់ តំណាងឲ្យប្រពលរដ្ឋ ៣៥គ្រួសារ បានមកស្នាក់ការកណ្តាលគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដើម្បីដាក់នូវឯកសារបន្ថែមពាក់ព័ន្ធករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងវវសេនាតូចកងទ័ពជើងគោកការពារអាកាសលេខ៩១ ។ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងវរសេនាតូចកងទ័ពជើងគោកការពារអាកាសលេខ ៩១ មានទីតាំងស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ផ្តើមឡើងតាំងតែពីឆ្នាំ១៩៨៧មក គឺនៅគ្រាដែលក្នុងពេលរយៈសង្រ្គាម កងទ័ពបានខ្ចីដីរបស់ប្រជាពលរដ្ឋធ្វើជាទីតាំង ហើយសន្យាថា នឹងប្រគល់សងទៅប្រជាពលរដ្ឋវិញនៅពេលចប់សង្រ្គាម ។ ក៏ប៉ុន្តែនៅពេលចប់សង្រ្គាមកងទ័ពមិនបានប្រគល់ជូនទៅប្រជាពលរដ្ឋវិញនោះទេ ហើយបានប្រគល់ទីតាំងនោះទៅឲ្យកងវរសេនាតូចកងទ័ពជើង គោកការពារអាកាសលេខ ៩១ គ្រប់គ្រងបន្ត និងបានបែងចែកជាឡូតិ៍ផ្តល់ឲ្យគ្រួសារយោធិន ហើយខ្លះបានលក់ទៅឲ្យភាគីទី២ ទី៣ ជាច្រើនតំណ ។ ប្រជាពលរដ្ឋមូលដ្ឋានបានធ្វើការតវ៉ាចាប់តាំងពីឆ្នាំ២០០០មក ហើយនៅមិនទទួលបានលទ្ធផលអ្វីរហូតទល់នឹងបច្ចុប្បន្នកាល ។ ក្រោយពីមានការតវ៉ាជាច្រើនលើកច្រើនសាមក ទើបរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ៖ ៦៥០ សជណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី សម្រេចឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការដ្ឋានកងទ័ពជើងគោក អនុវត្តឲ្យមានប្រសិទ្ធិភាព និងឆាប់រហ័សតាមខ្លឹមសារនៃលិខិតលេខ៖១១៥/សជណ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៥ របស់សហរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយប្រគល់ដីបន្ទាយវរៈសេនាតូចលេខ៖៩១ ជូនទៅប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ។ គេរង់ចាំរហូតដល់ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លើលិខិតរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លេខ៖០៥៩/សណ ២០១៧ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ៖១­ស្នើសុំកាត់ផ្ទៃដីទំហំ ៣៤.៣៧៣ម២ ជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលកំពុងរស់នៅ និងកំពុងកាន់ កាប់ (ស្របតាមលិខិតលេខ ៧១៧២ សហវ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។២-ស្នើសុំកាត់ផ្ទៃដីទំហំ ៤៣.៧៥០ម២ ជូនតំណាងប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ (ស្របតាមលិខិតលេខ ៦៥០ សជណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី) ។៣-ស្នើសុំរក្សាផ្ទៃដីនៅសល់ទំហំ ១៤.២៦៣ម២ សម្រាប់បន្ទាយវរសេនាតូច លេខ៩១ ការពារអាកាសកងទ័ពជើងគោក ។ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាននឹងកំពុងបន្តសិក្សា និងភាពមិនប្រក្រតីបន្ថែមទៀតពាក់ព័ន្ធករណីខាងលើ ដើម្បីធ្វើរបាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

Video


Gallery