លោក ម៉ម សូណង់ដូ មាន​មោ​ទន​ភាព​ដោយ​សារ​តែ​ធ្វើ​ជា​ម្ចាស់​រង្គ​សាល ២ នៅ​បារាំង

ដក​ស្រង់​ពី​គេហ​ទំព័រ ភ្នំពេញ ប៉ុស្តិ៍ ផ្សាយថ្ងៃទីសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦បើ​ទោះ​បី​ជា​មាន​មោទ​ន​ភាព​យ៉ាង​ខ្លាំង​​ក្នុង​ការ​បើក​រង្គសា​ល​ដំ​បូង​​គេ​នៅ​​ក្នុង​ទី​ក្រុង ប៉ា​រីស ក្នុង​ចំ​ណោម​អា​ណិក​ជន​ខ្មែរ ចិន និង វៀត​ណាម ដែល​រស់​នៅ​ទី​នោះ បន្ទាប់​ពី​លោក​បាន​កើប​ប្រ​មូល​ប្រាក់​ចំ​ណេញ​យ៉ាង​ងាយ​ស្រួល​រាប់​ម៉ឺន​ហ្វ្រង់​ក្នុង​មួយ​ខែៗ​​ពី​មុខ​របរ​បើក​ហាង​ថត​រូប​ក៏​ដោយ ក៏​ប្រាក់​ចំ​ណេញ និ​ង​ការ​រស់​នៅ​បែប​ស៊ី​វិល័យ​នៅ​ក្នុង​ប្រ​ទេស​បា​រាំង​មិន​បាន​ធ្វើ​ឲ្យ​លោក ម៉ម សូណង់ដូ ភ្លេច​ស្រុកកំណើតដែលលោកថាតែងតែត្រូវបានវៀតណាម «អង្កៀមយកទឹកដី» នៅ​គ្រប់​សម័យ​កាល​នោះឡើយ។

លោក ម៉ម សូណង់ដូ ដែល​បច្ចុប្បន្្ន​ជា​​ប្រធាន​​គណបក្ស​​សំ​បុក​​ឃ្មុំ​​សង្គម​​ប្រ​​ជា​​ធិប​​តេយ្យ និង​​ជា​​នាយ​ក​​វិទ្យុ​​សំ​បុក​​ឃ្មុំ​​កើត​​នៅ​​ថ្ងៃ​ទី ១៣ ខែ​កុ​ម្ភៈ ឆ្នាំ១៩៤២ នៅ​​ក្នុង​​គ្រួ​សារ​​មន្ត្រី​​រាជ​​ការ​​ដែល​​មាន​​ជីវ​​ភាព​​មធ្យម​​មួយ​​ក្នុ​ង​​ស្រុក​​កំ​ពង់​​សៀម ខេត្ត​​កំព​ង់​​ចាម​​។

លោក​មាន​​បង​​ប្អូ​ន​​បង្កើត ៩ នាក់​​ស្រី ៥ នាក់​​ហើយ​​ប្អូន​​ប្រុស​​ម្នាក់​ត្រូវ​បាន​ខ្មែរ​​ក្រ​​ហម​​យក​​ទៅ​​សម្លាប់​​។ បច្ចុប្បន្ន​បង​​របស់​​លោក​​ម្នាក់​​រស់​​នៅ​​ស្រុក​​ខ្មែរ​​ជា​​មួយ​​លោក ប្អូន​​ម្នាក់​​រស់​​នៅ​​អា​​មេរិក​​ហើយ​​ក្រៅ​​ពី​​នេះ​​​រស់​នៅ​​ប្រទេស​បារាំ​ង​ទាំង​អស់។លោក សូណង់ដូ មិន​​បាន​​រស់​នៅ​ស្រុក​កំណើត​យូរ​ទេ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​ផ្លាស់​លំ​នៅ​ទៅ​រស់​នៅ​តាម​ឪពុក​របស់​លោក​ដែល​ត្រូវ​ទៅ​ធ្វើ​ជា​អភិបាល​ស្រុក​កញ្ជ្រៀច​ក្នុង​ខេត្​ត​ព្រៃ​វែង​នៅ​ក្នុង​អំ​ឡុង​ឆ្នាំ ១៩៤៥។ បន្ទាប់​ពី​បាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​កញ្ជ្រៀច​បាន​ប្រ​មាណ​ជា ៥ ឆ្នាំ​គឺ​នៅ​ក្នុង​​អំ​ឡុង​ឆ្នាំ ១៩៥០ ក្រុម​គ្រួសារ​លោក សូណង់ដូ ក៏​បាន​ផ្លាស់​លំ​នៅ​ជា​ថ្មី​ទៀត​មក​រស់នៅ​ក្នុងសង្កាត់វាលវង់ក្រុងភ្នំពេញ។បន្ទាប់​ពី​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​អំឡុងឆ្នាំ ១៩៦៤ នៅ​ពេល​មាន​អាយុ​ប្រ​ហែលជា​ ២១ ឆ្នាំ​យុវ​ជន សូណង់ដូ មាន​សំ​ណាង​បាន​ទៅ​សិក្សា​ខាង​ជំនាញ​សរ​សេរ និង​ថត​ខ្សែ​ភាព​យន្ត​នៅ​ប្រ​ទេស​បា​រាំង​។

លោកនិ​យាយ​ថា៖ «បំ​ណង​ខ្ញុំ​ទៅ​រៀន​សរ​សេរ និង​ថត​ខ្សែ​ភាព​យន្ត​នៅ​បា​រាំង​បាន​សម្រេច​ទាំង​អស់​ប៉ុន្តែ​មុន​នឹង​សម្រេច​ខ្ញុំ​ត្រូវ​ចំ​ណាយ​ពេល​វេលា​ហួស​ពេល​កំ​ណត់​ពីព្រោះ​ពេល​ទៅ​ស្មាន​តែ​ស្រួល​ដល់​ទៅ​ដល់​វា​ពិ​បាក ហេតុ​ដូច្នេះ​ បាន​តស៊ូរ​កការ​ងារ​ធ្វើ​ផង​ហើយ​ចូល​រៀន​សូត្រ​ផង​ហើយ​ការ​រៀន​សូត្រ​នៅ​ស្រុក​គេ​ពិ​បាក​ណាស់​ទៅ​មុន​ដំបូងយើងត្រូវ​ប្រ​ឡង​ចូល​ការ​ប្រ​ឡង​ចូល​យើង​ប្រ​ឡង​ធ្លាក់​ពី​ព្រោះ​ភា​សា​បា​រាំង​យើង​វា​ស្ទើរ​ដល់​ប្រ​ឡង​ចូល​ម្តង​ទៀត​បាន​ប្រឡង​ជាប់​»។

បើ​ទោះ​បី​ជា បាន​ប្រឡងជាប់​ក៏មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​យុវ​ជន សូណង់ដូ ឡើយ​ពី​ព្រោះ​ត្រូវ​រៀន​សូត្រ​បណ្តើរ និង​រក​ការ​ងារ​ធ្វើ​បណ្តើរ​ខណៈ​ដែល​នៅ​ពេល​នោះ​អាណិក​ជន​ខ្មែរ​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ធ្វើនៅក្នុង​ប្រទេស​បា​រាំង​ឡើយ​ហើយ​នៅ​ពេល​នោះ​លោក​មាន​លុយ​ត្រឹម​តែ ១៥០០ ហ្វ្រង់​ប៉ុណ្ណោះ​នៅ​ក្នុង​ហោ​ប៉ៅ​។

លោក សូណង់ដូ បាន​បន្ត​និយាយ​រៀប​រាប់​ពី​ខ្សែ​ជី​វិត​របស់​លោក​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ក្នុង​បទ​សម្ភាស​នៅ​ក្នុង​ភូមិ​គ្រឹះ​ប្រ​ណីត​មួយដែ​ល​ជា​ទី​ស្នាក់​ការ​វិទ្យុ​សំ​បុក​ឃ្មុំ​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា៖​ «ពូធ្វើ​ការ​ប្រ​ហែល​ជា ៥-៦ ឆ្នាំ​លាង​ចាន លី​សែង ជួន​កាល​អត់​បាយ ៣ ថ្ងៃ​ក៏​មាន​ហើយ​ពេល​ណា​យើង​អត់លុយ​យើង​ចូល​ទៅ​ក្នុង​ភោជ​នី​យដ្ឋាន​កូន​សិស្ស​ហើយ​យក​នំបុ័ង​ដែល​គេ​កាត់​ដុំៗ​ដាក់​កញ្ឆេយក​ដាក់​ក្នុង​ស្បោង​ទុក​ញ៉ាំ​ពេល​រស់​នៅ​ជា​មួយ​ពួក​ម៉ាក​ម្នាក់​...​ពេល​នោះ​គឺ​ដូច​រស់​នៅ​ក្នុង​គុក​អ៊ី​ចឹង​ជីវ​ភាព​គឺ​ពិបាក​មែន​ទែន​...»​។

ប៉ុ​ន្តែ​បន្ទាប់​ពីរ​ស់​នៅ​ដ៏​សែន​លំ​បាក រៀន​ផង​លួច​ធ្វើ​ការ​ផង​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៦៩​-​៧០ បន្ទាប់​ពី​រៀន​បាន​ឌីប្លូម​ខាង​សរ​សេរ និង​ថត​ខ្សែ​ភាព​យន្ត​លោក សូណង់ដូ បាន​ទៅ​ដាក់​ពាក្យ​ធ្វើ​តេស្ត​ជា​អ្នក​ថត​រូប​នៅ​ក្រុម​ហ៊ុន​មួយ​ដែល​ធ្វើ​កិច្ច​ការ​ងារ​ដើម្បី​ផ្សព្វ​ផ្សាយ​ពេញ​មួយ​ពិ​ភព​លោក​ទៅ​តាម​ការ​ប្រាប់​របស់​មិត្ត​ភក្តិ​ម្នាក់​ហើយ​ក៏​ត្រូវ​បាន​ក្រុម​ហ៊ុន​នោះ​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​បន្ទាប់​ពី​ឲ្យ​ធ្វើ​ការ​សាក​ល្បង​មួយ​ថ្ងៃ​។​លោក​និ​យា​យ​ថា៖ «ដល់​ខ្ញុំ​សាក​ទៅ​តាំង​ពី​នោះ​មក​ខ្ញុំ​ធ្វើ​ការ​នៅ​កន្លែង​ហ្នុង​ជាប់​មិន​ត្រឹម​តែ​ជា​អ្នក​ថត​ទេ​ក្លាយ​ទៅ​ជា​អ្នក​ត្រួត​ត្រា​នៅ​កន្លែង​ហ្នឹង​ក្លាយ​ទៅ​ជា​អគ្គ​នា​យក​នៅ​កន្លែង​ហ្នឹង​»។

​បន្ទាប់​ពី​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​មួយ​នេះ​លោក សូណង់ដូ មាន​លទ្ធ​ភាព​ទិញ​ផ្ទះ​បាន​មួយ​នៅ​សង្កាត់​ទី ៤ ក្នុង​ក្រុង​ប៉ារី​ស​ជា​សង្កាត់​ដែល​មានតម្លៃផ្ទះថ្លៃ​ជាង​គេ​ដោយ​សារ​តែ​សង្កាត់​នោះ​មាន​អា​យុ​កាល​ចាស់​ជាង​គេ​បំ​ផុត​ដែល​មាន​ការ​ទាក់​ទាញ​អ្នក​ទេស​ចរ​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​ទិញ​ផ្ទះ​បាន​ខ្លួ​ន​ឯង​លោក សូណង់ដូ បាន​បើក​មុខរបរ​ថត​រូប​នៅ​ក្នុង​ផ្ទះ​នោះ​ដោយ​អាច​រក​ចំ​ណូល​បាន​ក្នុង​មួយ​ខែ​ៗ​រាប់​ម៉ឺន​ហ្វ្រង់​។​

លោក​ឲ្យ​ដឹង​ថា​៖ «សប្បាយ​មែន​ទែន​ពី​ព្រោះ​គ្រាន់​តែ​ថត​ម៉ា​ប្រុច​ម៉ា​ប្រុច​ ២០០០ ហ្វ្រង់ ម៉ា​ប្រុច ២០០០ ហ្វ្រង់ ហើយ​ពូ​ប្រ​មូល​លុយ​ហ្នឹង​ដូច​ប្រ​មូល​លៀ​សប្រ​មូល​ខ្ចង​អ៊ី​ចឹង​»​។​ប៉ុ​ន្តែ​ជា​កម្ម​អកុ​សល ឬ​អាច​ថា​ជា​វា​សនា​ក៏​ថា​បាន​មុខ​របរ​កើប​ប្រ​មូល​លុយ​ហ្វ្រង់​យ៉ាង​ងាយ​ស្រួល​នោះ​មិន​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទេ​ដោយ​សារ​តែ​លោក សូ​ណង់​ដូ មាន​ភាព​តក់​ស្លុ​ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ថា​ប្រ​ទេស​កម្ពុជា​ត្រូវ​បា​ន​ក្រុម​ខ្មែរ​ក្រ​ហម​ចូល​កាន់​កាប់​នៅ​ថ្ងៃ​ទី ១៧ ខែ​មេ​សា ឆ្នាំ ១៩៧៥។ «ដល់​ពេល​ឮ​ថា​ពួក​ខ្មែរ​ក្រ​ហម​ចូល​កាន់​កាប់​ប្រ​ទេស ពូ​ក៏​ក្រ​ហត​ក្នុង​បេះ​ដូង​ក្នុង​សតិ​អារម្មណ៍​នឹក​ឃើញ​ថា​ជាង​យល់​សប្តិ​ទៅ​ទៀត​ពី​ព្រោះ​យើង​ធ្លាប់​យល់​សប្តិថា​បាត់​លុយ​បាត់​បង​ប្អូន អ្នក​ណា​ស្លាប់​ដល់​បាត់​ប្រ​ទេស​មួយ​វា no way វា​ទៅ​អត់​រួច​​វា​មិន​គួរ​ឲ្យ​ជឿ​ដល់​ពេល​ហ្នុង​ជី​វិត​ពូ​ត្រូវ​ប្តូរ ១៨០ ឌឺ​ក្រេ​ហ្មង​»​។​

នៅ​ពេល​នោះ​និស្សិត​ខ្មែរ​ដែល​ធ្លាប់​ទទួល​បាន​អាហា​រូបករណ៍​អ្នក​ដែល​ទៅ​រស់​នៅ​ធ្លាប់​ទទួល​បាន​លុយ​កាក់​ឧបត្ថម្ភ​ពី​ឪពុក​ម្តាយ​នៅ​កម្ពុជា​លែង​ទទួល​បាន​អ្វី​ទាំង​អស់​គឺ​មាន​តែ​លោក សូណង់ដូ ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ជីវ​ភាព​លេច​ធ្លោ​ជាង​គេ​។ នៅ​ក្នុង​ស្ថាន​ភាព​បែប​នោះ​ខ្មែរ​ដែល​រស់​នៅ​ប្រ​ទេស​បា​រាំង​បាន​​ជួប​ប្រ​ជុំ​គ្នា​ហើយ​បាន​ជំ​រុញ​ឲ្យ​លោក សូណង់ដូ ផ្លាស់​ប្តូរ​មុខ​របរពី​ការ​ថត​រូប​ឲ្យ​មក​បើក​រង្គ​សា​ល​វិញ។​

លោក​ថ្លែង​ថា​៖ «ចំ​ណេះ​វិជ្ជា​អា​ជីវ​កម្ម​ដែល​ពូ​ធ្វើ​ចំ​ណេញ​រាប់​ម៉ឺន​ក្នុង​មួយ​ខែៗ​ហើយ​ស្រួល​ជា​ទី​បំ​ផុត​ហ្នឹង​គឺ​ខ្មែរ​ទាំង​អស់​គ្នា​ហ្នឹង​បបួល​ពូ​ឲ្យ​បើក​រង្គ​សាល​វិញ​មក​អង្វរ​ពូ​ថា សូ​ណង់ដូ ដឹង​ហើយ​ឥឡូវ​យើង​បាត់​ស្រុក​មួយ​ហើយ សូ​ណង់​ដូ គួរ​តែយ​ក​អា​កន្លែង​ថត​ហ្នឹង​ធ្វើ​រង្គ​សាល​សម្រាប់​ខ្មែរ​ឲ្យ​ខ្មែរ​ៗ​ជួប​គ្នា..​.​»។នៅ​ពេល​លោក​ប្តូរ​ទៅ​បើក​រង្គ​សាល​គឺ​ត្រូ​វ​ឆ្លង​កាត់​ដំណាក់​កាល​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ពី​ព្រោះ​អ្វី​ៗ​គឺ​ត្រូវ​ចាប់​ផ្តើម​ថ្មី​ទាំង​អស់​ដោយ​ត្រូវ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ថែម​ទៀត​ខណៈ​ដែល​ជន​ជាតិ​វៀត​ណាម​ និង​ចិន​ដែល​រស់​នៅ​ប្រ​ទេស​បា​រាំង​រាប់​រយ​ឆ្នាំ​មក​ហើយ​មិន​ហ៊ាន​បើក​មុ​ខ​របរ​រង្គ​សាល​ទេ​ដោយ​សារ​តែ​មានពួក​ម៉ា​ហ្វីយ៉ា​មក​ជំ​រិត​យក​លុយ​។ «វា​អត់​មាន​អ្ន​​ក​ណា​ហ៊ាន​ធ្វើ​ទេ​ដូច្នេះ​ពូ​មាន​មោទ​ន​ភាព​ដែរ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៅ​ប៉ារីស​គឺ​អ្នក​ដែល​បើក​រង្គសាល​មុន​គេ​គឺ​ខ្មែរ​ម្នាក់ ខ្មែរ​ម្នាក់​គឺអ្នក​ណា​គឺ ម៉ម សូណង់ដូ ហ្នឹង​ហ្មង​អាហ្នឹង​មោទ​នភាព​មែន​ទែន»​។

រង្គ​សាល​របស់​លោក សូ​ណង់​ដូ មាន​ឈ្មោះ អប្ស​រា ប៉ុ​ន្តែ​ក្រោយ​មក​ត្រូវ​ដូរឈ្មោះ​ទៅ ហ្គា​ឡាក់​ស៊ី ទៅ ឡឺ​ប៊ូស​អា​អហ្វី វិញ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​បា​រាំង​ដោយ​សារ​តែ​ភ្ញៀវ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ទៅ​ផឹក​ស្រ​វឹង​បាន​បង្ក​សំ​ឡេង​ស្រែក​ឡូ​ឡា​រំ​ខានដល់​អ្នក​ជិតខា​ង​ហើយ​លោក សូ​ណង់​ដូ ទទួល​ការ​ព្រ​មាន​បិទ​រង្គសាល​ពី​នគរ​បាល​បារាំង​។បើ​ទោះ​បី​ជា​លោក សូណង់ដូ បាន​ប្តូរ​ឈ្មោះ​រង្គសាល​ពី​ឈ្មោះ​ខ្មែរ​ទៅ​ជា​ឈ្មោះ​បា​រាំង​ដោយ​ទាក់​ទាញ​បាន​នូវ​ភ្ញៀវ​បា​រាំង​ក្តី​ក៏​នៅ​តែ​មិន​អាច​បញ្ចប់​បញ្ហា​បាន​ដែរ​ដោយ​លោក​ថារង្គ​សាល​គឺ​ជា​កន្លែង​ដែល​បង្ក​បញ្ហា​ពី​ព្រោះ​ភ្ញៀវ​ដែល​ចូល​មក​មាន​តាំង​ពី​អ្នក​ជួញ​អា​ភៀន​រហូត​ដល់​មេ​ចោរ​។ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​តស៊ូ​យ៉ាង​លំ​បាក​លោក សូ​ណង់​ដូ បាន​ទទួល​ជោគ​ជ័យ​ក្នុង​មុខ​របរ​បើក​រង្គសាល​នេះ​ហើយ​នៅ​ពេល​ក្រោយ​មក​លោក​បាន​បើក​រង្គ​សាល​ថ្មី​មួយ​ទៀត​។ ​

លោក​និ​យាយ​ថា ​ក្នុង​ពេល​រស់​នៅ​ប្រ​ទេស​បា​រាំង​លោក​តែង​តែ​ជួយ​ខ្មែរ​រហូត​សូម្បី​តែ​ខ្មែរ​ណា​ដែល​ត្រូវ​ពួក​អា​រ៉ាប់​ពួក​ស្បែក​ខ្មៅ ឬ ពួក​បា​រាំង​ដេញ​វ៉ៃ ឬមាន​ជម្លោះ​ផ្សេង​ៗ​លោក​តែង​តែ​ទៅ​ជួយ​ជា​និច្ច​។ប៉ុ​ន្តែ​បើ​ទោះ​​បី​ជា​ទទួល​បាន​ជោគ​ជ័យ​ជា​បន្តប​ន្ទាប់​ក្នុង​មុខ​របរ​រក​ស៊ី​នៅ​ក្នុង​ប្រ​ទេស​បា​រាំង​ក្តី​ក៏​លោក សូណង់​ដូ មិន​ដែល​ភ្លេច​ស្រុក​កំ​ណើត​របស់​ខ្លួន​ឡើយ​គឺ​តែង​តែ​ចិញ្ចឹ​ម​ចិត្ត​ថា​ថ្ងៃ​ណា​មួយ​នឹ​ង​ត្រូវ​តែ​វិល​ត្រ​ឡប់​មក​រស់​នៅ​ក្នុង​ទឹក​ដី​កំ​ណើត​វិញ​។

លោក​ថ្លែង​ថា៖ «ពូ​ពិ​ចារ​ណា​ថា​យើង​កូន​ខ្មែរ​យើង​មិន​មែន​កូន​បា​រាំ​ង​ទេ​ទី ១ ហើយ​ទី ​២ ពូ​ថា​គួរ​តែ​យើង​កើត​នៅ​ស្រុក​ណា​យើង​ត្រ​ឡប់​ទៅ​ងាប់​នៅ​ស្រុក​ហ្នឹង​វិញ​»។​ នៅ​ទី​បំ​​ផុត​លោក សូ​ណង់​ដូ បាន​សម្រេច​ចិត្ត​វិល​ត្រ​ឡប់​មក​ផ្ញើ​ប្រាណ​នៅ​លើ​ទឹ​កដី​កំ​ណើត​វិញ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ គឺ​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ នៅ​ពេល​វិល​មក​ដល់​ស្រុក​ខ្មែ​រលើក​ដំ​បូង​លោក សូណង់ដូ គ្រាន់​តែ​គិត​ថា​តើ​នឹង​ត្រូវ​រកស៊ី​អ្វី​ដើម្បី​ឲ្យ​បាន​លុយ​។ ប៉ុ​ន្តែ​បន្ទាប់​ពី​បាន​រស់​នៅ និង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ទី​កន្លែង​ជា​ច្រើ​ន​អស់​រយៈ​ពេល​ប្រ​មាណ ៥-៦ ខែ​ទើប​លោក​មើល​ឃើញ​ថា​ប្រ​ទេស​កម្ពុជា​គឺ​វេទ​នា។ វេទ​នា គឺ​ដោយ​សារ​តែ​អ្នក​ន​យោ​បាយ​ខ្មែរ​ភរ ភូត ប្រ​ជា​ពល​រដ្ឋ​ដែល​មិន​សូវ​មាន​ការ​យល់​ដឹង​ហើយ​លោក​គិត​ថា​បើ​នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​បែប​នេះ​ត​ទៅ​ទៀត «ស្រុក​ខ្មែរ​យើង​អាច​មាន​​គ្រោះ​ថ្នាក់​រហូត​ដល់​បាត់​បង់​ពូជ​សាសន៍​តែម្តង​»​។

នៅ​ទី​បំផុ​ត​គឺ​នៅ​ក្នុង​ឆ្នាំ ១៩៩៨ លោក សូណង់ដូ បាន​សម្រេច​បង្កើត​គណបក្ស​មួយ​មាន​ឈ្មោះ​ថា​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រ​​ជា​ធិប​តេយ្យ​ដែល​ការ​បើក​គណបក្ស​នេះ​មិន​មែន​សង្ឃឹម​បាន​ឈ្នះ​ឆ្នោត​ដើម្បី​ទៅ​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ត្រីនោះ​ទេ​គឺ​គ្រាន់​តែ​បើក​ដើម្បី​ឲ្យ​គេ​ស្គាល់​ឲ្យ​មាន​សំ​ឡេង​ក្នុង​នាម​ជា​មេ​គណបក្ស​ដើម្បី​មាន​ឱ​កាស​បាន​និយា​យ​តតាំង​ជា​មួយ​មេដឹក​នាំ​គណបក្ស​ដទៃ​ទៀត​ដែល​លោក​ថា​តែង​តែ​និ​យាយ​ភរភូត​ប្រ​ជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ​។ បន្ទាប់​​ពីមិន​ទទួល​បាន​អាសនៈ​នៅ​ក្នុ​ង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ លោក សូណង់ដូ ​ក៏​បិទ​គណបក្ស​របស់​លោក​ចោល​។

លោក សូណង់ដូ ដែល​មាន​មាឌ​មិន​ធំ​មិន​តូច​ប៉ុន្តែ​មើល​ទៅ​រឹង​មាំ​ដោយ​សារ​តែ​លោក​តែង​តែ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​នោះ​ក៏​ជា​ប្រ​ធាន​សមា​គម​អ្នក​ប្រ​ជា​ធិប​តេយ្យ​ផង​ដែរ​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​សមា​គម​នេះ​បាន​ចេញ​មុខ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។លោក​បញ្ជាក់​ថា​សមា​គម​របស់​លោក​មិន​ទៅ​ដណ្តើម​អំ​ណាច​ជា​មួយ​គណបក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ។

លោកនិ​យាយ​ថា៖ «សមា​គម​នេះក៏​ពូ​មិន​ផ្អៀង​ទៅ​អ្ន​​ក​ណា​មួយ​ដែល​ក្បត់​ជាតិ​ដែរ​ហើយ​ពេល​ណា​ដែល​យើង​សង្កេត​ឃើញ​ថា​គណបក្ស​នយោ​បាយ​ណា​ដែល​ល្អ​ដែល​យើង​អាច​ពឹង​បាន​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមកហ្នឹងយើងទាំងអស់គ្នាត្រូវទៅគាំទ្រគណបក្សហ្នឹង»។ បន្ទាប់​ពី​ចូល​រួម​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ប្តូរ​ផ្តាច់​លោក សូណង់ដូ មើល​ឃើញ​ថា​ជំហរ​របស់​មេ​ដឹក​នាំ​គណបក្ស​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​រឹង​មាំ​ក្បត់​ឆន្ទៈ​របស់​ប្រ​ជា​ពល​រដ្ឋ​លោក​ក៏ដ​ក​ការ​គាំ​ទ្រ។

«នរោ​ត្តម រណ​ឫទ្ធិ យើង​ស្គាល់​ហើយ ហើយ​បន្ទាប់​មក សម រង្ស៊ី យើង​ស្គាល់​ហើយ ហើយ​ឥឡូវ កឹម សុខា ក៏​យើង​ស្គាល់​ទៀត​ហើយ​យើង​បាន​ជួយ​ទៀត​ផ្តាច់​ប្តូរ​ជា​មួយ​ទៀត​ហើយ​អ្នក​ទាំង​ហ្នឹង​អត់​ទៅ​មុខ​តើ​យើង​ចាំ​រំ​ពឹង​អ្នក​ណាទៀត! ដោយ​សារ​តែ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ថា​បើ​អ្នក​ឯង​ធ្វើ​មិន​កើត​ឲ្យ​ខ្ញុំ​ធ្វើ​ម្តង​ខ្ញុំ​មាន​សមត្ថ​ភាព​ធ្វើ​បាន​ល្អ​ជាង​អ្នក​ឯង​ហើយ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​បាន​សម្រេច​...​»។

នៅ​ទីបំ​ផុត​លោក សូណង់ដូ បាន​បើក​ដំ​ណើរ​ការ​គណបក្ស​របស់​លោ​ក​ឡើង​វិញ​ដើម្បី​ចូល​រួ​ម​ប្រ​កួត​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។មជ្ឈ​ដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ប្រ​កាន់​ថា​ការ​ចូល​ប្រ​ឡូក​ក្នុង​ឆាក​ន​យោ​បាយជា​ថ្មី​ទៀត​របស់​លោក ម៉ម សូណង់ដូ នៅ​ពេល​នេះ​គឺ​អាច​ដោយ​សារ​តែ​ទទួល​បាន​លាភ​សក្ការៈ​ពី​គណបក្ស​កាន់អំ​ណាច​ដើម្បី​មក​បំ​បែក​សំ​ឡេង​របស់​គណបក្ស​ប្រ​ឆាំង​ដែល​កំ​ពុង​តែកើ​ន​ប្រ​ជា​ប្រិយ​ភាពយ៉ាង​ខ្លាំង។ប៉ុ​ន្តែ​លោក សូណង់ដូ បាន​បដិ​សេធ​យ៉ាង​ដាច់​អហង្ការ​ដោយ​ជំ​រុញ​ឲ្យ​អ្នក​ដែល​ចោទ​ប្រ​កាន់​រូប​លោក​នោះ​ប​ង្ហាញ​ភ័ស្តុតាង​។

​ជា​មួយ​គ្នា​នេះលោក សូណង់ដូ បាន​ធ្វើ​ការ​រិះ​គន់​ជា​ច្រើ​ន​ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ពិ​សេស​ការ​យល់​ព្រម​យ៉ាង​តក់​ក្រ​ហល់​ក្នុង​ការ​ចូល​ទៅ​ប្រ​ជុំ​នៅ​រ​ដ្ឋ​សភា​ជា​មួយ​គណបក្ស​ប្រ​ជា​ជន​ដោយ​មិន​បាន​ចុះ​កិច្ច​សន្យា​ឲ្យ​បាន​ច្បាស់​លាស់ជា​មុន​ជា​ពិ​សេស​ការ​ធ្វើ​កំ​ណែ​ទម្រង់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ការ​ធ្វើ​វិ​សោធ​ន​កម្ម​ច្បាប់​បោះ​ឆ្នោត និង​បញ្ហា​មួយ​ចំនួន​ទៀត​ទើប​សព្វ​ថ្ងៃ​គណបក្ស​ប្រ​ជា​ជន​អាច​ប្រែ​ក្រ​ឡាស់​បាន​តា​ម​អំ​ពើ​ចិត្ត​។

«ខ្ញុំ​បើក​គណបក្ស​គឺ​ដោយ​សារ​តែ​ខ្ញុំ​អស់​ជំ​នឿ​ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​ទៅ​ទៀត​» មិន​មែន​ទទួល​បាន​លាភ​សក្ការៈ​ពី​អ្នក​ណា​នោះ​ទេ​។ លោក​ ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធ​នា​គារ​រហូត​ដល់ ៣ ដង​ដែល​លើក​ទី ១ ពាក់​ព័ន្ធ​នឹង​ការ​ចោ​ទប្រ​កាន់​ក្នុង​រឿង​ដុត​ស្ថាន​ទូត​ថៃ​លើក​ទី ២ ពាក់​ព័ន្ធ​នឹង​ការ​រិះ​គន់​ទៅ​លើ​សន្ធិ​សញ្ញា​ព្រំ​ដែន​បំ​ពេញ​ប​​ន្ថែម​កម្ពុជា​វៀត​ណាម និង​លើក​ទី ៣ ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំ​បន់​អបគមន៍​នៅ​ខេត្ត​ក្រ​ចេះ​នោះ​បាន​ថ្លែង​ថា​លោក​ចង់​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ ២០១៨ ។ការ​ចង់​ឈ្នះ​ឆ្នោត​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា​​​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​នឹង​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​គណបក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រ​ជា​ធិប​តេយ្យ​របស់​លោក​នោះ​ឡើយ​នៅ​ពេល​ដែល​គណបក្ស​កាន់​អំ​ណាច​បាន​បរា​ជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោ​ប្រវេ​សន៍ និង​បញ្ហា​ព្រំ​ដែន​ហើ​យ​មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​បាន​ត្រឹ​ម​តែ​ភូត​ភរ​បោក​ប្រាស់ព​ល​រដ្ឋ​។ «បញ្ហា​អន្តោ​ប្រ​វេស​ន៍​ប្រ​ទេស​ជិត​ខាង​គឺ​យួន​ហ្នឹង​ហ្មង​ខ្ញុំ​អត់​ស្អប់​យួន​ទេ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ពារ​ទឹក​ដី​ខ្ញុំ...»។

លោក​ថា៖ «​ខ្ញុំ​រំ​ពឹង​បាន​ប៉ុ​ន្មាន​កៅ​អី​ខ្ញុំ​អត់​រំ​ពឹង​ទេ​គឺ​ខ្ញុំចង់​បាន​ឈ្នះ​ឈ្នះ​ដោយ​ខ្ញុំ​នឹក​ឃើញ​ថា​នៅ​ក្នុង​ឆ្នាំ ២០១៣ ប្រ​ជា​ពល​រដ្ឋ​បាន​ក្រោក​ឈរ​ទាំង​អស់​គ្នា​ហើយ​គឺ​ចង់​បាន​ការ​ផ្លាស់​ប្តូរ...​យើង​ឃើញ​បញ្ហា​ប្រ​ទេស​ជិត​ខាង​ជា​ពិ​សេស​ប្រ​ទេស​យួន​វា​កំ​ពុង​តែ​អង្កៀម​ព្រំ​ដែន​ខ្មែរ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ប៉ុន្តែ​ក្នុង​ន័យ​ថា​បើសិ​ន​យើង​អត់​កាន់​អំ​ណាច​យើង​អត់​អាច​ដោះ​ស្រាយ​បាន​បើ​យើង​ហ៊ាន​យក​អា​បញ្ហា​ព្រំ​ដែន​យក​មក​និ​យាយ​គឺ​គេ​ចាប់​យើង​ដាក់​គុក​ហេតុ​ដូច្នេះ​យើង​ស្តុប​អត់​និ​យាយ​ទេ​និ​យាយ​ពេល​ណា​ដែល​យើង​កាន់​អំណាច​»។

លោក សូណង់ដូ ដែល​កាន់​សញ្ជាតិ​ពីរ​គឺខ្មែរ និង​បា​រាំង​បាន​វិល​ត្រ​ឡប់​ពី​​ទី​ក្រុង​ប៉ារីស​មក​ស្រុក​ខ្មែរ​ដើម្បី​រៀប​ការ​ភរិយា​ខ្មែរ​នៅ​ក្នុង​ឆ្នាំ ១៩៧៤ រួច​នាំ​យក​ទៅ​រស់​នៅ​ប្រ​ទេស​បា​រាំង​មុន​ពេល​ដែល​ប្រ​ទេស​កម្ពុជា​ត្រូវ​ធ្លាក់​ចូល​ទៅ​​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ក្នុង​ឆ្នាំ ១៩៧៥។ លោក​មាន​កូន​ប្រុស​តែ​ម្នាក់​គត់​បច្ចុប្បន្ន​មាន​ចៅ ៣ នាក់​ពួក​គេ​សុទ្ធ​តែ​រស់​នៅ​ទី​ក្រុង​ប៉ា​រីស​ប្រទេស​បា​រាំង​៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ