ដំណើរបេសកកម្មឆ្ពោះទៅរកការពិតនៃអ្វីដែលស្រពេចស្រពិល មិនច្បាស់លាស់ ក្រោមដំណក់ទឹកភ្លៀង

នៅថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ ព្រមទាំងសហសេវឹក បានអញ្ជើញចុះបេសកកម្មនៅខេត្តកោះកុង នៅចំណុចភូមិសាស្ត្រភូមិកូនកុកចាស់ ឋិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ជាកន្លែងប្រជាពលរដ្ឋរងគ្រោះដីធ្លី (ដីសមាហរណកម្ម) គោលនយោបាយជាយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ឆ្នាំ១៩៩៦ ។ដំណើរបេសកកម្មនេះ គឺឆ្ពោះទៅរកការពិតនៃអ្វីដែលស្រពេចស្រពិល មិនច្បាស់លាស់ ក្រោមដំណក់ទឹកភ្លៀងនាចុងរដូវក្តៅដ៏អស្ចារ្យ មិនមានអ្វីដែលហាមឃាត់ មិនមានអ្វីដែលខាឃាំង អមដំណើរដោយបងប្អូនរងគ្រោះដោយការបំពាន មានក្មេង មានចាស់ មានស្រី មានប្រុស លើគោយន្តបីបួនគ្រឿងជាមធ្យោបាយដឹកជញ្ជូន ឆ្លងអូរ ឆ្លងកាត់វាលស្រែ ប្រឡាយក្នុងសន្ទុះចិត្ត ក្នុងក្តីប្តេជ្ញា មិនរួញរា ព្រោះត្រូវស្វែងរកការពិត ការពិតពិត មូលដ្ឋាននៃដំណើរឆ្ពោះទៅរកយុត្តិធម៌សម្រាប់ពួកអ្នកដែលរងគ្រោះ ពួកអ្នកដែលងាយនឹងរងគ្រោះ!ការចុះបេសកកម្មរបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តកោះកុង មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែឧសភា ឆ្នាំ២០១៩ ។

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ