ជំនួបពិភាក្សារវាងប្រតិភូគណបក្សសំបុកឃ្មុំ ជាមួយប្រតិភូអភិបាលរងខេត្ត បាត់ដំបង

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងក្រោយពីប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានជួបជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅ ក្នុងករណីមានការមិនចុះសម្រុងគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹងការបែងចែងដីលំនៅដ្ឋាននៅលើទីតាំងអតីតគម្រោងសួនព្រែកព្រះស្តេច ក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងរួចមក នៅរសៀលថ្ងៃពុធទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ និងលោកជំទាវ ហួន ផាន់ណារី អនុប្រធានប្រតិភូ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានដឹកនាំប្រតិភូចូលទៅពិភាក្សាជាមួយនឹង ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រធានបណ្តាមន្ទីរជុំវិញខេត្តបាត់ដំបងពាក់ព័ន្ធ ។កិច្ចពិភាក្សានោះឋិតនៅជុំវិញបញ្ហានៃការបែងចែកដីឡូតិ៍នៅលើទីតាំងអតីតគម្រោងសួនព្រែកព្រះស្តេច ក្នុងក្របខណ្ឌសម្បទានដីសង្គមកិច្ច ។ ភាគីអាជ្ញាធរខេត្តបាត់ដំបងបានលើកឡើងអំពីផលវិបាកទាំងឡាយក្នុងការអនុវត្តន៍គោលការណ៍របស់ខេត្ត ដោយសារមានប្រជាពលរដ្ឋមួយចំនួនមិនយល់ព្រម និងដំណោះស្រាយស្នើដោយអាជ្ញាធរខេត្ត ។ចំណែកឯភារៈកិច្ចរបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គឺការតាមដានមើលភាពអសកម្ម និងភាពមិនប្រក្រតីទៅលើការអនុវត្តច្បាប់របស់ថ្នាក់ក្រោមជាតិបានលើកបង្ហាញថា បញ្ហាដែលកើតមានមកនេះ គឺបណ្តាលមកពីការមិនអនុវត្តតាមខ្លឹមសាររបស់សារាចរ​ លេខ៖០៣.សរ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ ។កិច្ចពិភាក្សាបានបញ្ចប់នៅលើសំណូមពររបស់ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំឲ្យអាជ្ញាធរខេត្តសម្របសម្រួលក្នុងន័យរកឲ្យបាននូវដំណោះស្រាយតាមការសម្បទានគ្នាទៅវិញទៅមក ។ ហើយឯកឧត្តមអភិបាលរងខេត្តបានផ្តល់ចម្លើយជាវិជ្ជមានចំពោះសំណូមពរនោះ ថាឯកឧត្តម និងក្រុមការងារនឹងព្យាយាមឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ។ជំនួបរវាងប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង បានចប់សព្វគ្រប់នៅវេលាម៉ោង ១៨ៈ០០ នាទីល្ងាច ក្នុងបរិយាកាសយោគយល់គ្នាទៅវិញទៅមក ហើយនឹងបានណាត់ជួបគ្នានៅក្នុងវេទិការសាធារណៈមតិ រវាងប្រជាពលរដ្ឋពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង ៨ៈ០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណវត្តថ្មី ឋិតនៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ