វេទិកាសាធារណៈស្តីពី \"ការអនុវត្តគម្រោងសម្បទានដីសង្គមកិច្ច អតីតដីសួនច្បារព្រែកព្រះស្តេច ក្រុងបាត់ដំបង\"

យោងតាមសំណូមពរពីប្រជាពលរដ្ឋរស់នៅលើដីអតីតគម្រោងសួនព្រែកព្រះស្តេច ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង សុំឲ្យមានវេទិការសាធារណៈមតិ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តបាត់ដំបង ពាក់ព័ន្ធទំនាស់ការបែងចែងដីសម្បទានសង្គមកិច្ច នៅលើទីតាំងខាងលើ ។ ឯកឧត្តម ម៉ម សូណង់ដូ ប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានសម្របសម្រួលជាមួយនឹងអាជ្ញាធរខេត្តបាត់ដំបង ហើយសម្រេចបានការឯកភាពគ្នាបើកវេទិការសាធារណៈមតិមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តផ្សារថ្មី ឋិតនៅក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។វេទិការនេះបានចាប់ផ្តើមនៅវេលាម៉ោង ៨ៈ០០នាទីព្រឹក ដោយមានប្រជាពលរដ្ឋជាមេគ្រួសារចូលរួមចំនួន ៨៩នាក់ មកពីភូមិចំការឬស្សី ១៣មករា និងអូរខ្ជាយ សង្កាត់បាត់ដំបង ក្រុងបាត់ដំបង ព្រមទាំងប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងប្រតិភូថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម សឿន ប៊ុនរិទ្ធិ អភិបាលរង​នៃគណៈអភិបាលខេត្តបាត់ដំបង ។វេទិការសាធារណៈមតិនេះប្រព្រឹត្តិទៅជុំវិញប្រធានបទ គម្រោងដីសម្បទានសង្គមកិច្ច លើអតីតសួនព្រែកព្រះស្តេច ។ មតិប្រជាពលរដ្ឋជាច្រើនបានរៀបរាប់ទុក្ខលំបាកនូវផលប៉ះពាល់របស់ពួកគាត់រៀងៗខ្លួន ដូចជា ការរឹបអូសយកដីធ្លីរបស់ពួកគាត់ ការគម្រាមកំហែង ការបំភិតបំភ័យ និងវិធានការឃាត់ខ្លូន ដើម្បីបំបាក់ស្មារតី បង្ខិតខំឲ្យទទួលយកនូវការសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងវេទិការនេះ សំណូមពរឲ្យលុបចោលនៅគម្រោងគំរូសុវត្ថិភាពដីធ្លី និងសុវត្ថិភាពលំនៅដ្ឋាន របស់អាជ្ញាធរខេត្តបាត់ដំបង ។ចំណែកអាជ្ញាធរវិញ មិនបានផ្តល់នៅចម្លើយគ្រប់សំនួរទាំងអស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែឯកឧត្តមអភិបាលរងខេត្ត បានសន្យានៅមុខប្រជាពលរដ្ឋថា នឹងព្យាយាមស្វែងរកដំណោះស្រាយឲ្យបានសមស្រប និងសូមឲ្យប្រជាពលរដ្ឋចូលរួមក្នុងការរកដំណោះស្រាយទាំងអស់នោះ ។ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ឯកឧត្តមមានសេចក្តីសោមន្សរីករាយ ដែលបានបង្កលក្ខណៈឲ្យមានវេទិការសាធារណៈមតិនេះឡើងមក ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ហើយសន្យាថា នឹងពាំនាំនូវសំណូមពរទាំងឡាយររបស់ប្រជាពលរដ្ឋ ក៏ដូចជាទិដ្ឋភាពនៃបញ្ហាដែលសង្កេតឃើញជាក់ស្តែងជារបាយការណ៍ជូននៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ ។ ព្រមជាមួយគ្នានោះដែរ ឯកឧត្តម ម៉ម សូណង់ដូ ក៏បានសំណូមពរទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបោះបង់ចោលនៅបុរេវិនិច្ឆ័យ និងសម្បទានគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយសមស្រប និងយុត្តិធម៌ ហើយប្រតិភូគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងបន្តឃ្លាំមើល និងតាមដានការវិវត្តទៅនៃដំណោះស្រាយចំពោះបញ្ហាខាងលើនេះ ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ