សម រង្ស៉ី ប្រើប្រាស់ជីវិតប្រជាពលរដ្ឋជានុយស្ទូចយកអំណាច

កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងសេចក្តីថ្លែងការរណ៍មួយ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប្រីស្បាន(Brisbane)ប្រទេសអូស្ត្រាលី សម រង្សី ក្នុងនាមជាប្រធានចលនាសង្គ្រោះជាតិ និងអតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ហើយដែល គ.ជ.ប.បានលុបឈ្មោះចេញពីបញ្ជីរួចទៅហើយនោះ បានប្រកាសថា ខ្លួននឹងត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ត្រូវជួននឹងថ្ងៃប្រារព្វពិធីបុណ្យឯករាជ្យជាតិ។សូមរំលឹកថា ថ្ងៃចុងក្រោយបង្អស់របស់ សម រង្ស៉ី នៅកម្ពុជា គឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីព្រោះជាថ្ងៃដែលទណ្ឌិតរូបនោះ បានគេចវេះពីការបញ្ជាចាប់ខ្លួនរបស់តុលាការ ក្នុងសំណុំរឿងចំនួន០៧(ប្រាំពីរ)ករណី ពីបទបរិហាកេរ្តិ៍សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ហើយនឹងពីបទល្មើសផ្សំគំនិតក្លែងបន្លំឯកសារសាធារណៈ។បើរំលឹកអំពីព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកនៅមុខអតីតរដ្ឋសភាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តលឲ្យមានមនុស្សស្លាប់ ១៦នាក់ របួស១៥០នាក់ ហើយបន្ទាប់មក ក្រោយពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ១៩៩៨ មានកើតបាតុកម្មពេលយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៨ នៅមុខសណ្ឋាគារ Cambodiana មានមនុស្សស្លាប់ ១ នាក់ និងរបួសជាច្រើននាក់។ក្រោយមកទៀត គឺព្រឹត្តិការណ៍នៅផ្លូវវេងស្រេងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កម្មករ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ បានរួមគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងបង្កើតឲ្យផ្ទុះអំពើហឹង្សា និងបណ្តាលឲ្យមានមនុស្សស្លាប់ ៤នាក់ បាត់ខ្លួន ១នាក់ និងរបួស៦០នាក់ ។ករណីទាំងឡាយ ដែលបានរាយរាប់ពីខាងលើមកនេះ ឆ្លុះបញ្ចាំងនូវអកប្បកិរិយានយោបាយរបស់ សម រង្ស៉ី ដែលប្រកាន់យកតែអស្មិមានៈ ពោល គឺមានតែការប្រឈមមុខគ្នា ទោះបីជាត្រូវចំណាយជិវិតប្រជាពលរដ្ឋអស់ប៉ុន្មាននាក់ក៏ដោយ។ សម រង្ស៉ី គិតថា «ល្គឹកណាមានការជម្រុញឲ្យមានមនុស្សស្លាប់កាន់តែច្រើន ជោគជ័យរបស់ខ្លួននឹងឡើងកាន់តែខ្ពស់ ហើយប្រជាប្រិយភាពរបស់សម្តេច ហ៊ុន សែន នឹងកាន់តែធ្លាក់ចុះ»។ដូច្នេះហើយ សម រង្ស៉ី មិនរួញរាសោះឡើយក្នុងការជ្រើសរើសប្រើប្រាស់ជិវិតប្រជាពលរដ្ឋធ្វើជានុយស្ទូចយកអំណាច !គេលើកយកតែឧទាហរណ៍មួយមកពិនិត្យ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៦ ដើម្បីកែសម្រួលសម្លេងបោះឆ្នោត ពីសម្លេង២/៣ មកជាសម្លេងដាច់ខាត(៥០+១)នៃចំនួនសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមប្រជុំ។ នរណាក៏ដឹងដែរថា សម រង្ស៉ី ដែលយល់ព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់ចំណុចនោះ ជាថ្នូរចំពោះការដែលសម្តេច ហ៊ុន សែន ទូលថ្វាយសុំព្រះមហាក្សត្រព្រះករុណា នរោត្តម សីហមុនី សម្រេចលើកលែងទោសឲ្យរួចខ្លួន ហើយនឹងបានត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។ ប៉ុន្តែទង្វើរនោះបែរជាផ្តល់លទ្ធភាពឲ្យគូរបដិបក្ខនយោបាយទទួលបាននូវអត្ថប្រយោជន៍ច្រើនជាង សម រង្ស៉ី ខ្លួនឯង។ចំណុចមួយទៀត ដែលសបញ្ជាក់អំពីអតចរិត «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» របស់ សម រង្ស៉ី គឺនៅគ្រាដែលក្រោយការបោះឆ្នោតអាណត្តិទី៤(២០០៨) មេគណបក្ស សម រង្ស៉ី និងមេគណបក្សសិទ្ធិមនុស្ស បានកំណត់លក្ខខណ្ឌមួយចំនួនជាថ្នូរនឹងការចូលប្រជុំសភា។ ប៉ុន្តែ សម រង្ស៉ី បានបត់បែនជំហររបស់ខ្លួនយ៉ាងលឿន២៤ម៉ោង មុនកាលបរិច្ឆេទជុំនុំសភានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ ដោយបង្ខំឲ្យមេគណបក្សសិទ្ធិមនុស្ស(កឹម សុខា) ដែលជាដៃគូឲ្យយល់ព្រមចូលរួមប្រជុំសភាតាមដែលខ្លួនចង់បាន ដោយមិនចាំបាច់មានលក្ខខណ្ឌអ្វីឡើយ។តើអ្នកនយោបាយប្រភេទនេះ ជះឥទ្ធិពលអ្វីខ្លះទៅលើស្ថានភាពនយោបាយរបស់ប្រទេស? គឺការស្រេកឃ្លាន «អំណាច ដើម្បីអំណាច»។បើប្រៀបធៀបទៅនឹងអ្នកដឹកនាំពិតប្រាកដ ដូចជា លោកស្រី អង់ សានស៊ូជី សុខចិត្តដើរចូលពន្ធនាគារ ប្រឈមមុខនឹងហានិភ័យគ្រប់បែបយ៉ាង ស៊ូលះបង់ចោលស្វាមី ដើម្បីបានរួមរស់ជាមួយនឹងប្រជាពលរដ្ឋរបស់លោកស្រី។លោកស្រីទទួលបាននូវការគោរពពីសំណាក់អំណាចយោធា។ដើម្បីសន្តិភាព លោកស្រីកំពុងខិតខំបំពេញកាតព្វកិច្ចកសាងនូវការសហការគ្នា និងដឹកនាំប្រទេសរបស់លោកស្រី។ឥឡូវនេះ បើយើងទាញយកគម្រូនោះមកដាក់អនុវត្តន៍នៅកម្ពុជាវិញ យើងជឿជាក់ថា ចរន្តនៃការស្អប់ខ្ពើមគ្នាទៅវិញទៅមក នឹងត្រូវកាត់ផ្តាច់ចោលជារៀងដរាប។ ការគោរពគ្នាទៅវិញទៅមក គឺជាយន្តការមួយ ដែលត្រូវប្រើរយៈពេលយូរ ។ ត្រូវទទួលតែលទ្ធផលណា ដែលប្រជាពលរដ្ឋចង់បាន ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ