សេចក្តីថ្លែងការណ៍របស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានចេញលិខិតសេចក្តីថ្លែងការណ៍មួយ ករណី សម រង្ស៉ី ប្រមាថព្រះចេស្តា អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង ព្រះបរមនាថ នរោត្តម សីហមុនី ។ អត្ថន័យសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារទាំងស្រុងដូចតទៅ៖នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ សម រង្ស៉ី មិនបានញញើតមាត់នឹងប្រើពាក្យសំដីប្រមាថព្រះចេស្តាព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី យ៉ាងធ្ងន់ធ្ងរជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដោយចាត់ទុកព្រះរាជា ថាជា«ចំណាប់ខ្មាំង» និងជា «អាយ៉ង»របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបន្ថែមទៀតថា ព្រះអង្គចង់រក្សាតែរាជបាល្ល័ង្គតែប៉ុណ្ណោះ ។ ទង្វើរនេះត្រូវតែទទួលនូវការផ្តន្ទាទោសក្នុងកម្រិតជាជនក្បត់ជាតិមាតុភូមិ ។ ដូច្នេះហើយ រដ្ឋត្រូវតែពង្រឹង និងរិតបន្តឹងច្បាប់ស្តីពីការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រឲ្យកាន់តែមាំទាំ និងមានប្រសិទ្ធិភាព ហើយក្នុងករណីដូចខាងលើនេះ សម រង្ស៉ី ត្រូវទទួលការផ្តន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ដើម្បីទុកជារបាំងគតិយុត្តិទប់ស្កាត់កុំឲ្យអ្វីបែបនេះកើតមានសាជាថ្មីទៀត ។ ការប្រមាថរបស់ សម រង្ស៉ី ចំពោះអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ទាំងក្នុង និងក្រៅប្រទេស គឺជាការបញ្ជាក់ឲ្យឃើញថា សម រង្សី បានដកខ្លួនជាស្ថាពរពីសង្គមជាតិខ្មែរដោយខ្លួនឯង ។ ដូច្នេះហើយ មិនចំពោះតែរូប សម រង្ស៉ី ផ្ទាល់តែប៉ុណ្ណោះនោះទេ បុគ្គលណា ឬជនបរទេសណាមួយ ដែលកំពុងនាំគ្នាឃុបឃិតធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីបំផ្លាញព្រះរាជាណាចក្រកម្ពុជា គឺស្ថិតនៅក្នុងចង្កោមតែមួយ ហើយពួកអ្នកទាំងនោះត្រូវតែទទួលទោសទណ្ឌដូចៗ គ្នា ។ ក្នុងនាមខ្ញុំជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សូមទូលថ្វាយព្រះករុណាជាអម្ចាស់ជិវិតលើត្បូងនូវការគោរពជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមព្រះអង្គគង់នៅជាម្លប់ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ៕

ទស្សនាព័ត៌មានជាវីឌីអូ


រូបភាពថ្មីៗ